ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Toyota កាលពីពេលថ្មីៗនេះ បាននិយាយថាខ្លួននឹងបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលនឹងត្រូវរៀបចំធ្វើឡើងនាថ្ងៃទី២០ ខែមករាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ជុំវិញការប្រកាសរបស់ក្រុមហ៊ុន Toyota នេះត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុន Ford Motor និង General Motors ដែលមានមូលដ្ឋានទីក្រុង Detroit រដ្ឋ Michigan បានប្រកាសបរិច្ចាគទឹកប្រាក់ក្នុងចំនួនដូចគ្នានេះផងដែរ។
គួរឲ្យដឹងផងដែរថា ការបរិច្ចាគទឹកប្រាក់ជូនទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិកអាណត្តិថ្មីនេះ បានកើតឡើងចំពេលផែនការពន្ធថ្មីដែលបានស្នើឡើងដោយ លោក ត្រាំ លើការនាំចូលទំនិញពីប្រទេសម៉ិកស៊ិក និងកាណាដា អាចនឹងផ្តល់ផលប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើននៅអាមេរិកខាងជើង រួមទាំងក្រុមហ៊ុន Toyota ដែលផលិតរថយន្តភីកអាប់ Toyota Tacoma របស់ខ្លួន នៅក្នុងប្រទេសម៉ិកស៊ិក។
ជម្រាបជូនផងដែរថា ក្រៅតែពីក្រុមហ៊ុនផលិតរថយន្ត ក៏នៅមានបណ្តាក្រុមហ៊ុនធំៗផ្សេងទៀត រួមទាំង Amazon និង Meta Platforms ក៏បានប្រកាសបរិច្ចាគទឹកប្រាក់ម្នាក់ ១លានដុល្លារ ដល់ការស្បថចូលកាន់តំណែងរបស់លោក ត្រាំ ផងដែរ៕