ដាណឺម៉ាក បង្កើនការចំណាយលើវិស័យការពារជាតិដល់ជាង ១,៥ពាន់លានដុល្លារ សម្រាប់កោះ Greenland

អន្តរជាតិ

ប្រទេសដាណឺម៉ាក នឹងចំណាយទឹកប្រាក់ជាង ១,៥ពាន់លានដុល្លារ ដើម្បីបង្កើនវត្តមានយោធារបស់ខ្លួននៅលើទឹកដី Greenland បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្ហាញពីចេតនាក្នុងការទិញយកកោះដ៏ធំជាងគេបំផុតរបស់ពិភពលោកមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាកលោក Troels Lund Poulsen បាននិយាយថា កញ្ចប់ចំណាយនេះរួមមាន ការបន្ថែមនាវាល្បាតពីរគ្រឿង យន្តហោះគ្មានមនុស្សបើកពីរគ្រឿង ក្រុមអ្នកឃ្លាំមើលចំនួនពីរ និងមូលនិធិដើម្បីធ្វើឲ្យប្រសើរឡើងនូវអាកាសយានដ្ឋានស៊ីវិលនៅលើ កោះនេះ សម្រាប់ផ្ទុកយន្តហោះចម្បាំង F-35 ។

គួរឲ្យដឹងថា ការសម្រេចចិត្តបង្កើនការចំណាយបន្ថែមទៀតទៅលើវិស័យយោធាសម្រាប់កោះ Greenland ត្រូវបានគ្រោងទុកជាយូរមកហើយ ខណ:ចំពេលដែលមានប្រកាសមួយត្រូវបានធ្វើឡើង ដោយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយនិយាយថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គួរតែទិញកោះនេះមកគ្រប់គ្រង សម្រាប់ហេតុផលសន្តិសុខជាតិ និងសន្តិភាពពិភពលោក។

ប៉ុន្តែទន្ទឹមនឹងនេះ មេដឹកនាំកោះ Greenland លោក Mute Egede បានរិះគន់ចំពោះគំនិតនេះ ដោយនិយាយថាកោះរបស់ខ្លួនមិនមែនសម្រាប់លក់ទេ។ ទោះជាយ៉ាងណាក៏ដោយ លោក Egede នៅតែស្វាគមន៍ចំពោះលទ្ធភាពនៃការបង្កើនពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយសហរដ្ឋអាមេរិកផងដែរ។

ជម្រាបជូនផងដែរថា ក្នុងអំឡុងពេលអាណត្តិទីមួយក្នុងនាមជាប្រធានាធិបតី លោក ត្រាំ ក៏បានលើកឡើងម្តងហើយម្តងទៀតអំពីគំនិតនៃការទិញយកកោះ Greenland មកគ្រប់គ្រង ហើយត្រូវបានប្រឆាំងដាច់ខាតដោយរដ្ឋាភិបាលដាណឺម៉ាក ដែលជាទឹកដីស្វយ័តមួយរបស់ខ្លួន៕