តៃវ៉ាន់ រារាំងកិច្ចព្រមព្រៀងតម្លៃជិត ១ពាន់លានដុល្លាររបស់ Uber ក្នុងការទិញយក Foodpanda

អន្តរជាតិ

យោងតាមគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ ( FTC) បាននិយាយកាលពីថ្ងៃទី២៥ ខែធ្នូថា តៃវ៉ាន់ បានរារាំងក្រុមហ៊ុនអាមេរិក Uber Technologies ក្នុងការទិញយក Foodpanda ពីក្រុមហ៊ុនមេ Delivery Hero នៅក្នុងកិច្ចព្រមព្រៀងមួយដែលានតម្លៃប្រមាណ ៩៥០លានដុល្លារ លើកោះនេះ ដោយសារតែការបារម្ភថានឹងប៉ះពាល់ដល់ការប្រកួតប្រជែងដោយយុត្តិធម៌។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសន្និសីទសារព័ត៌មានមួយ គណៈកម្មាការបាននិយាយថា ផលប៉ះពាល់អវិជ្ជមាននៃការរួមបញ្ចូលគ្នានេះនឹងលើសពីផលប្រយោជន៍សេដ្ឋកិច្ចទាំងមូល ហើយវិធានការកែតម្រូវ នឹងមិនអាចដោះស្រាយកង្វល់នៃការប្រកួតប្រជែងនោះទេ។

លោក Chen Chih-min អនុប្រធាន FTC របស់តៃវ៉ាន់បាននិយាយថា ៖”នៅក្នុងទីផ្សារវេទិកាដឹកជញ្ជូនម្ហូបអាហារ សម្ពាធប្រកួតប្រជែងចម្បងរបស់ UberEats គឺមកពី Foodpanda ។ ហើយកិច្ចព្រមព្រៀងទិញយកនេះ នឹងលុបបំបាត់សម្ពាធនៃប្រកួតប្រជែង” ។

លោកបន្តទៀតថា៖”ក្រោយការច្របាច់បញ្ចូលគ្នា UberEats នឹងមានឧបសគ្គតិចជាងមុនក្នុងការប្រកួតប្រជែង ដោយវានឹងលើកទឹកចិត្តបន្ថែមទៀតក្នុងការបង្កើនតម្លៃសម្រាប់អ្នកប្រើប្រាស់ និងថែមទាំងបង្កើនកម្រៃជើងសារសម្រាប់ប្រតិបត្តិករភោជនីយដ្ឋានផងដែរ”។ លោក Chen បានបន្ថែមថាក្រោយការរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ នោះចំណែកទីផ្សាររួមរបស់ក្រុមហ៊ុនទាំងពីរ នៅតៃវ៉ាន់នឹងលើសពី ៩០% ។

ជម្រាបជូនផងដែរថា Uber និង Delivery Hero បានប្រកាសពីការទិញយក Foodpanda កាលពីខែឧសភាកន្លងទៅ​ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃដល់ទៅ ១,២៥ពាន់លានដុល្លារ ដោយក្នុងនោះ ៩៥០លានដុល្លារជាលុទ្ធសុទ្ធ និង ៣០០លានដុល្លារផ្សេងទៀតជាភាគហ៊ុន៕