នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានប្រកាសកាលពីពេលថ្មីៗនេះថា ប្រទេសរបស់ខ្លួនទើបតែទទួលបានកញ្ចប់ជំនួយដំបូងចំនួន ១ពាន់លានដុល្លារបន្ថែមទៀត ក្រោមគំនិតផ្តួចផ្តើមទាមទារទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកដោយប្រទេសលោកខាងលិច។ នេះតាមការចុះផ្សាយពីសារព័ត៌មាន RT។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានសរសេរនៅលើបណ្តាញ Telegram កាលពីថ្ងៃទី២៤ ខែធ្នូកន្លងទៅថា ៖”អ៊ុយក្រែនបានទទួលជំនួយ ១ពាន់លានដុល្លារបន្ថែមពីសហរដ្ឋអាមេរិក សម្រាប់ប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកទុក” ។
លោកបានពន្យល់ទៀតថា នេះជាផ្នែកដំបូងមួយនៃជំនួយលើកដំបូង នៅក្នុងកញ្ចប់ប្រាក់កម្ចីចំនួន ២០ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីបែងចែកទៅឲ្យអ៊ុយក្រែន តាមរយៈធនាគារពិភពលោក (WB) ដោយប្រើប្រាស់អត្រាការប្រាក់ធនាគារ ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីទូទាត់តាមគំនិតផ្តួចផ្តើមរបស់ក្រុមប្រទេស G7 ក្នុងឆ្នាំ២០២៣។
ទន្ទឹមនឹងនេះ លោក Shmyhal បានសរសេរទៀតថា ៖”យើងសូមអរគុណដល់ដៃគូរបស់យើង ជាពិសេសសហរដ្ឋអាមេរិក និងធនាគារពិភពលោក។ នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅភាពរកយុត្តិធម៌។ យើងរំពឹងថាទ្រព្យសម្បត្តិរដ្ឋទាំងអស់របស់រុស្ស៊ីនឹងត្រូវបានរឹបអូស និងប្រើប្រាស់សម្រាប់ការកសាងឡើងវិញរបស់ប្រទេសអ៊ុយក្រែន” ។
ជម្រាបជូនផងដែរថា ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីប្រហែល ៣០០ពាន់លានដុល្លារ ត្រូវបានបង្កកដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បន្ទាប់ពីសង្រ្គាមបានផ្ទុះឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ រុស្ស៊ីមិនអាចប្រើប្រាស់ទ្រព្យសម្បត្តិដែលបង្កកទាំងនេះបានទេ ប៉ុន្តែទ្រព្យទាំងនេះនៅតែកម្មសិទ្ធិរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ និងបង្កើតការប្រាក់ជាប្រចាំ ប៉ុន្តែការប្រាក់ទាំងនេះមិនត្រូវបានផ្ទេរទៅឲ្យរុស្ស៊ីនោះឡើយ៕