ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បាននិយាយថា តម្រូវការឧស្ម័នរាវរបស់រុស្ស៊ីនៅតែមានការកើនឡើងច្រើន ហើយបណ្តាប្រទេសអឺរ៉ុប នៅតែចាប់អារម្មណ៍លើផលិតផលរបស់ខ្លួនមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
កាលពីថ្ងៃទី២៥ ខែធ្នូ លោក Novak បាននិយាយថា ការនាំចេញឧស្ម័នរាវសរុបរបស់រុស្ស៊ី ទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបក្នុងឆ្នាំនេះ បានកើនឡើងពី ១៨-២០% បើធៀបនឹងឆ្នាំមុន។ តួលេខសម្រាប់រយៈពេល ១១ខែដំបូងនៃឆ្នាំនេះ បង្ហាញថាបរិមាណឧស្ម័នធម្មជាតិ និងឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ីទៅកាន់ទីផ្សារនេះ មានលើសពី ៥០ ពាន់លានម៉ែត្រគូប។
មិនតែប៉ុណ្ណោះ លោក Novak បាននិយាយប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុក Rossiya-24 ថា៖” ទោះបីជាមានសេចក្តីថ្លែងការណ៍ និងសម្ពាធនៃដាក់ទណ្ឌកម្មក៏ដោយ ក៏ឧស្ម័នរាវនៅតែស្ថិតក្នុងតម្រូវការខ្លាំង ដោយសារវាជាផលិតផលធម្មជាតិ។ ហើយឧស្ម័នរបស់រុស្ស៊ី ក៏ជាផលិតផលដ៏មានដ៏សំខាន់បំផុតផងដែរ ទាំងផ្នែកភស្តុភារ និងតម្លៃ”។
កាលពីឆ្នាំមុន ការនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានធ្លាក់ចុះ ៥៥,៦% មកនៅត្រឹម ២៨,៣ ពាន់លានម៉ែត្រគូបប៉ុណ្ណោះ ដោយសារទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូជាមួយលោកខាងលិច កាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង ជុំវិញជម្លោះនៅអ៊ុយក្រែន។
ប៉ុន្តែទោះជាយ៉ាងណា បើតាមការគណនារបស់ Reuters បានបង្ហាញថាតួលេខនេះ អាចងើបឡើងវិញដល់ ៣២ ពាន់លានម៉ែត្រគូបនៅឆ្នាំនេះ ដោយផ្អែកលើតួលេខនាំចេញប្រចាំថ្ងៃពីក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Gazprom និងស្ថិតិពីប្រតិបត្តិករបំពង់បង្ហូរប្រេងអឺរ៉ុប។
ជម្រាបជូនផងដែរថា អឺរ៉ុបទំនងមិនមានគម្រោងបញ្ឈប់ការទិញឧស្ម័ន LNG របស់រុស្ស៊ីនោះទេ ប៉ុន្តែបាននិយាយថា ខ្លួននឹងចាប់ផ្តើមកាត់បន្ថយការទិញជាបណ្តើរៗនៅឆ្នាំ២០២៧ ខាងមុខ បន្ទាប់ពីពួកគេបានបង្កើនការនាំចូលពីប្រទេសន័រវេស សហរដ្ឋអាមេរិក និងកាតាជំនួសវិញ៕