ប្រេស៊ីល បញ្ជាឲ្យផ្អាកសាងសង់រោងចក្ររបស់ BYD ក្រោយរកឃើញថាកម្មករធ្វើការប្រៀបដូចជា​ទាសករ​

អន្តរជាតិ

អាជ្ញាធរប្រេស៊ីល បានបញ្ជាឲ្យផ្អាកការសាងសង់រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិន BYD បណ្តោះអាសន្ន បន្ទាប់ពីរកឃើញថាកម្មករសំណង់នៅទីនោះធ្វើការ និងរស់នៅប្រៀបបីដូចជាទាសករ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាការងារសាធារណៈ (MPT) បានបង្ហាញឲ្យដឹងថា កម្មករដែលជាជនជាតិចិនជាង ១៦០ នាក់ ត្រូវបានជួយសង្គ្រោះ នៅទីតាំងសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន BYD ដែលស្ថិតនៅក្នុងរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល។

ប្រភពដដែលនេះ បាននិយាយទៀតថា កម្មករសំណង់ទាំងនោះ ​ត្រូវបានបង្ខិតបង្ខំឲ្យធ្វើការងារជាច្រើន ពោលគឺសឹងតែគ្មានពេលឈប់សម្រាក ស្របពេលលិខិត​ឆ្លង​ដែន​ និង​ប្រាក់​ខែ​របស់​ពួក​គេ​ ត្រូវ​បាន​ក្រុមហ៊ុន​ម៉ៅការសាងសង់​ដកហូតទុកផងដែរ។

ទន្ទឹមនឹងនេះ អធិការកិច្ចការងារ លោក​ស្រី Liane Durao ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយថា​៖ “​យើង​បាន​រក​ឃើញ​ថា​ការងារ​របស់កម្មករ​សំណង់ទាំង ១៦៣ នាក់​ ​ត្រូវ​បាន​អនុវត្ត​ក្នុង​លក្ខខណ្ឌ​ការងារប្រៀបដូច​ទាសភាព។ ហើលក្ខខណ្ឌសុវត្ថិភាពអប្បបរមាមិនត្រូវបានបំពេញនៅក្នុងបរិយាកាសការងារនៅទីនោះឡើយ”។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន BYD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនដែលពាក់ព័ន្ធ ហើយនៅតែប្តេជ្ញាចិត្តចំពោះ ការអនុលោមតាមច្បាប់ពេញលេញ ជាមួយរដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល។

ជម្រាបជូនផងដែរថា រោងចក្រថ្មីនេះ គ្រោងនឹងដំណើរការនៅខែមីនា ឆ្នាំ២០២៥ ហើយត្រូវបានកំណត់ថាជារោងចក្រផលិតរថយន្ត EV ដំបូងគេបង្អស់របស់ BYD ដែលស្ថិតនៅខាងក្រៅតំបន់អាស៊ី៕