រុស្ស៊ីចាប់ផ្តើមប្រើប្រាស់ Bitcoin ក្នុងការទូទាត់អន្តរជាតិ ដើម្បីគេចចេញពីទណ្ឌកម្ម

អន្តរជាតិ

រដ្ឋាភិបាលរុស្ស៊ី កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួននឹងចាប់ផ្តើមប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ Bitcoin ដើម្បីធ្វើការទូទាត់ក្នុងពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ ក្នុងគោលបំណងទប់ទល់នឹងទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បាននិយាយកាលពីថ្ងៃទី២៥ ខែធ្នូថា ក្រុមហ៊ុនរបស់រុស្ស៊ី បានចាប់ផ្តើមប្រើប្រាស់ Bitcoin និងរូបិយប័ណ្ណគ្រីបតូផ្សេងទៀត សម្រាប់ការទូទាត់ជាអន្តរជាតិ ខណ:ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ូស្គូបានធ្វើវិសោធនកម្មច្បាប់របស់ខ្លួន ដើម្បីអនុញ្ញាតឲ្យមានការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។

ទន្ទឹមនឹងនេះ លោក Siluanov បាននិយាយប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុក Russia 24 ថា ៖”ការប្រើប្រាស់ Bitcoin ក្នុងពាណិជ្ជកម្មអន្តរជាតិគឺជាផ្នែកមួយនៃដំណើរការសាកល្បងរបស់យើង។ Bitcoins ទាំងនេះត្រូវបានជីករុករកនៅក្នុងប្រទេសរុស្ស៊ី។ យើងជឿថាវានឹងត្រូវបានពង្រីកការប្រើប្រាស់បន្ថែមទៀត”។ លោក​បាន​បញ្ជាក់ទៀត​ថា ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល​ គឺជា​អនាគត​នៃ​ការ​ទូទាត់​​អន្តរជាតិ។

គួរឲ្យដឹងថាទណ្ឌកម្មរបស់លោកខាងលិច បានបង្កការលំបាកសម្រាប់រុស្ស៊ី ក្នុងការធ្វើពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួនជាច្រើន ដូចជាប្រទេសចិន និងតួកគីជាដើម ស្របពេលធនាគាររុស្ស៊ីមួយចំនួន ត្រូវបានដកចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង។

កាលពីដើមខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបច្ចុប្បន្ន កំពុងធ្វើឲ្យខូចអំណាចរូបិយប័ណ្ណរបស់ប្រាក់ដុល្លារដែលជារូបិយប័ណ្ណបម្រុងដ៏សំខាន់ ធ្លាក់ចុះខ្សោយ ដោយប្រើប្រាស់វាសម្រាប់គោលបំណងនយោបាយ ហើយបង្ខំឲ្យប្រទេសជាច្រើនត្រូវស្វែងរករូបិយប័ណ្ណផ្សេងដើម្បីទូទាត់ជំនួសវិញ។ រុស្ស៊ី និងអ៊ីរ៉ង់ ឥឡូវនេះបានបោះបង់ចោលប្រាក់ដុល្លារក្នុងពាណិជ្ជកម្មទ្វេភាគី ដោយប្រើប្រាស់តែរូបិយប័ណ្ណផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។

លោក ពូទីន ក៏បានលើកឡើងពី Bitcoin ជាឧទាហរណ៍ ដោយអះអាងថាគ្មាននរណាម្នាក់នៅលើពិភពលោក អាចគ្រប់គ្រងរូបិយប័ណ្ណឌីជីថលនេះបានឡើយ។តាមរយ:ការលើកឡើងបែបនេះ បានបង្ហាញថាប្រទេសរុស្ស៊ី នឹងបង្កើនការប្រើប្រាស់រូបិយប័ណ្ណឌីជីថលកាន់តែច្រើនបន្ថែមទៀត នាពេលអនាគត៕