ផលិតកម្ម​របស់ Toyota ​នៅ​ទូទាំង​ពិភពលោក​ ​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ ១០​ខែជាប់ៗគ្នា ​ត្បិត​ការ​លក់​កើន​ឡើងខ្ពស់

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន Toyota Motor បាននិយាយកាលពីពេលថ្មីៗនេះថា ការផលិតរថយន្តជាសកលរបស់ខ្លួន បានធ្លាក់ចុះក្នុងរយៈពេល១០ខែជាប់ៗគ្នា គិតនៅត្រឹមខែវិច្ឆិកា បើទោះបីជាការលក់នៅទូទាំងពិភពលោក បានកើនឡើងក្នុងរយៈពេលពីរខែជាប់គ្នា បន្ទាប់ពីត្រូវបានជំរុញដោយតម្រូវការដ៏រឹងមាំនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសចិនក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់ពិភពលោក បានផលិតរថយន្តសរុបចំនួន ៨៦៩ ២៣០ គ្រឿងនៅទូទាំងពិភពលោក ក្នុងខែវិច្ឆិកា ធ្លាក់ចុះ ៦,២% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះ ០,៨% ធៀបទៅនឹងខែតុលា។

ជុំវិញការធ្លាក់ចុះនេះ ត្រូវបានកើតឡើង បន្ទាប់ពីទិន្នផលរបស់នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះ ១១,៨% ដោយសារតែមានការផ្អាកអស់រយ:ពេល ៤ខែ ទៅលើការផលិតរថយន្តម៉ូដែលសំខាន់ៗរបស់ខ្លួន ដូចជា Grand Highlander និង Lexus TX SUV ជាដើម។

ទន្ទឹមនឹងនេះ ផលិតកម្មនៅក្នុងប្រទេសចិន ក៏បានធ្លាក់ចុះ ១,៦% ផងដែរ ដោយសារតែមានការប្រកួតប្រជែងខ្លាំងពីសំណាក់ក្រុមហ៊ុនផលិតរថយន្តនៅក្នុងស្រុក។

ដោយឡែក នៅក្នុងប្រទេសជប៉ុនដែលមានប្រហែលមួយភាគបីនៃទិន្នផលសកលរបស់ Toyota ផលិតកម្មបានធ្លាក់ចុះ ៩,៣% នៅក្នុងខែវិច្ឆិកា ដោយសារតែមានការផ្អាកផលិតកម្មរយៈពេលពីរថ្ងៃ នៅរោងចក្រ Fujimatsu និង Yoshiwara របស់ខ្លួន។

ប៉ុន្តែទោះជាយ៉ាងណា ក្រុមហ៊ុន Toyota បានឃើញការលក់នៅទូទាំងពិភពលោករបស់ខ្លួនកើនឡើងក្នុងរយៈពេលពីរខែជាប់គ្នាដល់ ១,៧% ក្នុងចំនួនសរុប ៩២០ ៥៦៩ គ្រឿង ដែលបានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ខែវិច្ឆិកា។

ជម្រាបជូនថា គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ទិន្នផលសកលរបស់ Toyota ធ្លាក់ចុះ ៥,២% ធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួនប្រហែល ៨,៧៥ លានគ្រឿង ខណៈដែលការលក់ទូទាំងពិភពលោកធ្លាក់ចុះ ១,២%៕