អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh ត្រូវបានគេរាយការណ៍កាលពីថ្ងៃទី២៦ ខែធ្នូថា បានទទួលមរណាភាពហើយក្នុងវ័យ ៩២ឆ្នាំ។ មេដឹកនាំកំពូលរបស់ឥណ្ឌារូបនេះ ត្រូវបានចាត់ទុកថាជាមនុស្សដ៏មានឥទ្ធិពលបំផុត ដែលបានធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា រហូតអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតមួយរបស់ពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។
យោងតាមសេចក្តីថ្លែងការណ៍ពីមន្ទីរពេទ្យដែលបានព្យាបាលលោក Singh បានបញ្ជាក់ឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបាត់បង់ស្មារតីនៅក្នុងផ្ទះរបស់គាត់ នៅថ្ងៃទី២៦ ខែធ្នូ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះលោកបាននោះឡើយ ហើយបានប្រកាសថា លោក Manmohan Singh បានបាត់បង់ជីវិតនៅក្នុងថ្ងៃដដែលនោះ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា ប្រទេសឥណ្ឌា បានកាន់ទុក្ខចំពោះការស្លាប់របស់លោក Singh ដោយលើកឡើងថា នេះជាការបាត់បង់មេដឹកនាំដែលមានឥទ្ធិពលបំផុតរបស់ប្រទេស។
ទន្ទឹមនឹងនេះ នៅក្នុងសារមួយលើបណ្តាញសង្គម X លោក Modi បាននិយាយថា ៖”ក្នុងនាមជានាយករដ្ឋមន្រ្តីរបស់យើង គាត់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីកែលម្អជីវភាពរបស់ប្រជាជនជាច្រើន” ។
ជម្រាបជូនថា លោក Manmohan Singh ដែលជាអតីតនិស្សិតសកលវិទ្យាល័យ Cambridge ផ្នែកសេដ្ឋកិច្ច និងសកលវិទ្យាល័យ Oxford បានកាន់តំណែងជានាយករដ្ឋមន្រ្តីឥណ្ឌា ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៤។ មុនកាន់តំណែងធំនេះ លោក Singh ក៏ធ្លាប់ធ្វើជាទេសាភិបាលធនាគារកណ្តាល, មន្រ្តីរដ្ឋការ និងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឥណ្ឌា ផងដែរ៕