សហម្ចាស់ក្លិបបិសាចក្រហម Manchester United លោក Sir Jim Ratcliffe ត្រូវបានគេរាយការណ៍ថា គ្រោងទៅជួបពិភាក្សាជាមួយមហាសេដ្ឋីលំដាប់កំពូលរបស់អាមេរិក Elon Musk និង Jeff Bezos ដើម្បីជួយផ្តល់មូលនិធិសម្រាប់ការសាងសង់កីឡដ្ឋាន Old Trafford ថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន OneFootball។
គួរឲ្យដឹងផងដែរថា ចាប់តាំងពីបានទិញយកភាគហ៊ុនមួយផ្នែកធំនៅក្នុងក្លិបបាល់ទាត់កំពូល នៅក្នុងលីគ Premier League របស់អង់គ្លេសមក លោក Ratcliffe ត្រូវបានគេគិតថាមានការចាប់អារម្មណ៍លើការសាងសង់កីឡដ្ឋានថ្មី ចំពេលកីឡដ្ឋាន Old Trafford បច្ចុប្បន្ន មានសភាពចាស់ទ្រុឌទ្រោម។
យ៉ាងណាមិញ គម្រោងសាងសង់ឡើងកីឡដ្ឋាន Old Trafford ឡើងវិញនេះ ត្រូវបានគេប៉ាន់ស្មានថានឹងចំណាយអស់ទឹកប្រាក់ប្រហែល ២ពាន់លានផោន ឬប្រមានជាង ២,៥ពាន់លានដុល្លារ ប៉ុន្តែបញ្ហាដ៏ធំបំផុតមួយនៅពេលនេះ គឺថាលោក Ratcliffe ចាប់បាច់ស្វែងរកបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុត ដើម្បីមកចូលរួមបណ្តាក់ទុនសាងសង់។
ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន The Athletic បានរាយការណ៍ថា លោក Ratcliffe កាលពីពេលថ្មីៗនេះ បានបង្ហាញពីគំនិតក្នុងការស្នើទៅកាន់មហាសេដ្ឋីមានបំផុតរបស់ពិភពលោកទាំងពីរូប គឺលោក Elon Musk ឬ Jeff Bezos ដើម្បីជួយផ្តល់មូលនិធិសម្រាប់គម្រោងដ៏ធំនេះ។
ប្រភពដដែលបានបន្តទៀតថា លោក Ratcliffe មានអារម្មណ៍ថាមហាសេដ្ឋីទាំងពីររូបនេះ អាចនឹងចាប់អារម្មណ៍ទៅនឹងគម្រោងសាងសង់កីឡដ្ឋានថ្មីរបស់ក្លិប Man United។
ជម្រាបជូនផងដែរថា តាមការប៉ាន់ស្មានពី Bloomberg ទ្រព្យសម្បត្តិសរុបរបស់លោក Musk បានកើនឡើងដល់ ៤៨៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ នេះ ខណ:នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Bezos មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៦ពាន់លានដុល្លារ៕