យោងតាមទិន្នន័យគយបានបង្ហាញឲ្យដឹងថា ការនាំចេញផ្លែទុរេនរបស់ប្រទេសវៀតណាម ក្នុងរយ:ពេល ១១ខែដំបូងនៃឆ្នាំនេះ ទទួលបានចំណូលសរុប ៣,១ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៤៤% ធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
ប្រទេសចិន គឺជាទីផ្សារធំជាងគេបំផុតសម្រាប់ការនាំចេញផ្លែទុរេនរបស់វៀតណាម ដែលមានចំនួនទឹកប្រាក់ ២,៨ពាន់លានដុល្លារ ឬស្មើទៅនឹង ៩០% នៃការនាំចេញទុរេនទាំងអស់ ពោលគឺបានកើនឡើង ៤៣% ធៀបទៅនឹងឆ្នាំមុន។
ទន្ទឹមនឹងនេះ ប្រទេសថៃ ទិញចូលទុរេនវៀតណាមច្រើនបំផុតទី២ ជាមួយទឹកប្រាក់សរុប ១៧៧លានដុល្លារ កើនឡើង ៨២% ខណៈហុងកុង បង្កើនការទិញដល់ ១៦% ជប៉ុន ៨៥% និងការនាំចេញមកកម្ពុជា បានកើនឡើង ១៣៩ដង ដល់ ៣លានដុល្លារ។
លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមន៍ផ្លែឈើ និងបន្លែវៀតណាម បានមានប្រសាសន៍ថា ឆ្នាំ២០២៤ គឺជាឆ្នាំដ៏រឹងមាំសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់ខ្លួន ជាពិសេសផ្លែទុរេន។
សមាគមដដែលនេះ បានប៉ាន់ប្រមាណថា ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាម អាចនឹងកើនឡើងដល់ ៧,១ពាន់លានដុល្លារ សម្រាប់ឆ្នាំនេះ កើនឡើង ២៧% ធៀបនឹងឆ្នាំ២០២៣ ដោយក្នុងនោះផ្លែទុរេនមានចំនួនពាក់កណ្តាលនៃតម្លៃសរុបនេះ៕