ចំនួនអ្នកបាត់បង់ជីវិតកើនឡើងដល់ ១២៤ នាក់ ក្នុង​ហេតុការណ៍​ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង

អន្តរជាតិ

យោងតាមទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិរបស់ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា ចំនួនអ្នកបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air អំឡុងពេលចុះចត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ បានកើនឡើងដល់ចំនួន ១២៤ នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងដឹកជញ្ជូនរបស់កូរ៉េខាងត្បូង បាននិយាយថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737-800 ដែលមានគោលដៅហោះហើរចេញពីទីក្រុងបាងកក ប្រទេសថៃ ឆ្ពោះមកកាន់ប្រទេសកូរ៉េខាងត្បូង ជាមួយដំណើរសរុប ១៧៥ នាក់ និងក្រុមហ៊ុនការងារនៅលើយន្តហោះចំនួន ៦ នាក់ បានព្យាយាមចុះចតភ្លាមៗ នៅអាកាសយានដ្ឋានអន្តរជាតិ Muan ភាគខាងត្បូងនៃប្រទេស បន្ទាប់ពីជួបបញ្ហាឲ្យផ្នែកកង់របស់យន្តហោះ។

ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា មកទល់ពេលនេះ មានមនុស្សត្រឹមតែ២នាក់ប៉ុណ្ណោះ នៅរស់រានមានជីវិត ក្នុងចំណោមមនុស្សសរុបទាំង១៨១នាក់ ដែលស្ថិតនៅលើយន្តហោះនោះ។ ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមបន្តជួយអ្នកដំណើរដែលនៅផ្នែកខាងក្រោយនៃយន្តហោះ ខណ:តួលេខនៃអ្នកបាត់បង់ជីវិត អាចនឹងកើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ថា បើតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap គ្រោះថ្នាក់នោះ ទំនងជាបានកើតឡើង ដោយសារការប៉ះទង្គិចជាមួយ​ហ្វូងសត្វបក្សី ជាហេតុបង្កឲ្យកង់យន្តហោះមានបញ្ហា មិនអាចដំណើរការបាន អំឡុងពេលវាព្យាយាមចុះចត ហើយធ្វើឲ្យយន្តហោះត្រូវរអិលធ្លាក់ចេញពីផ្លូវ និងទៅបុកជាមួយរបងព្រលានយន្តហោះ៕