មុនពេលកើតហេតុការណ៍ធ្លាក់យន្តហោះដ៏រន្ធត់ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូកន្លងទៅ Jeju Air ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ និងពេញនិយមបំផុតរបស់ប្រទេសកូរ៉េខាងត្បូង អស់រយ:ពេលជាច្រើនឆ្នាំមកហើយ។
កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ យន្តហោះ ១គ្រឿងរបស់ក្រុមហ៊ុន Jeju Air បានដឹកអ្នកដំណើរ និងសមាជិកនាវិកសរុបនៅលើយន្តហោះចំនួន ១៨១នាក់ បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងខេត្ត South Jeolla ដែលមានចម្ងាយប្រហែល ២៩០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ មនុស្ស ១៧៩នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ។
យោងតាមសាក្សីនៅជិតអាកាសយានដ្ឋាន Muan បានឲ្យដឹងថា យន្តហោះប្រហែលជាបានបុកជាមួយហ្វូងសត្វស្លាប ខណៈពេលដែលវាហៀបនឹងចុះចត។ បន្ទាប់មក យន្តហោះមានបញ្ហានៅផ្នែកកង់ រហូតមិនអាចគ្រប់គ្រងល្បឿនបាន និងបានធ្លាក់ចេញពីផ្លូវរត់ បណ្តាលឲ្យបុកទៅនឹងរបងព្រលានយន្តហោះ ហើយផ្ទុះឆេះតែម្តង។
មុនពេលឧបទ្ទវហេតុនេះ Jeju Air គឺជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប (LCC) ដែលពេញនិយមបំផុត នៅក្នុងប្រទេសកូរ៉េអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យោងតាមសន្ទស្សន៍ការពេញចិត្តរបស់អតិថិជនជាតិ (NCSI) នៃមជ្ឈមណ្ឌលផលិតភាពកូរ៉េ ឆ្នាំ២០២៣ បានបង្ហាញថា នេះគឺជាឆ្នាំទី៥ ដែលក្រុមហ៊ុន Jeju Air បានជាប់ចំណាត់ថ្នាក់លេខ១ គិតចាប់តាំងពីឆ្នាំ២០១៨ មក ។
មិនត្រឹមតែជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដំបូងគេ និងធំជាងគេនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ បើនិយាយពីទីផ្សារទាំងមូល Jeju គឺជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបំផុតទីពីររបស់កូរ៉េ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិ Korean Air ផងដែរ។
បង្កើតឡើងក្នុងឆ្នាំ២០០៥ Jeju Air បានជួយផ្លាស់ប្តូររបៀបធ្វើដំណើររបស់ប្រជាជនកូរ៉េ និងអ្នកទេសចរអន្តរជាតិយ៉ាងច្រើន។ Jeju Air បាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថា “តម្លៃសមរម្យបានធ្វើឲ្យការធ្វើដំណើរតាមផ្លូវអាកាសជាផ្នែកមួយនៃជីវិតមនុស្សជាច្រើន។ យើងបានច្នៃប្រឌិតដើម្បីធ្វើឲ្យប្រទេសកូរ៉េក្លាយជាគោលដៅទេសចរណ៍មួយដែលមិនធ្លាប់មានពីមុនមក” ។
ក្រុមហ៊ុនអាកាសចរណ៍នេះ មានយន្តហោះសរុបចំនួន ៤២ គ្រឿង ដែលភាគច្រើនជាយន្តហោះប្រភេទ Boeing រាងតូចចង្អៀត។ ហើយបើយោងតាមស្ថិតិ យន្តហោះ Jeju Air នីមួយៗដំណើរការជាមធ្យម ១៣ ម៉ោងក្នុងមួយថ្ងៃ។ ក្រុមហ៊ុនអាកាសចរណ៍នេះ ដំណើរការប្រហែល ២១៧ ជើងក្នុងមួយថ្ងៃ។
បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េមួយនេះ ដំណើរការផ្លូវហោះហើរជាង ៦២ ជាមួយនឹង ទិសដៅ ៤៤ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅវៀតណាម Jeju Air មានជើងហោះហើរទៅកាន់ទីក្រុងហាណូយ ដាណាង ដាឡាត និងកោះត្រល់ ជាដើម។
ជម្រាបជូនផងដែរថា នៅត្រីមាសទីមួយនៃឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ Jeju Air មានបុគ្គលិកសរុបចំនួន ៣ ០០០ នាក់ ដោយដំណើរការនៅក្នុងអាកាសយានដ្ឋានសំខាន់រួមមាន Gimpo, Incheon (សេអ៊ូល) និង Jeju ។ កាលពីឆ្នាំមុន Jeju Air បានដឹកអ្នកដំណើរសរុប ១២,៣ លាននាក់ និងបានកត់ត្រាប្រាក់ចំណូលប្រហែល ១,៣១ពាន់លានដុល្លារ៕