លោក ត្រាំ ជំរុញឲ្យតុលាការកំពូល ផ្អាកច្បាប់បិទកម្មវិធី TikTok នៅទឹកដីសហរដ្ឋអាមេរិក

អន្តរជាតិ

ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានជំរុញឲ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិក ផ្អាកដំណើរការអនុម័តទៅលើច្បាប់បិទចោល ឬបង្ខំឲ្យលក់បណ្តាញសង្គម TikTok នៅអាមេរិក ដោយលើកឡើងថា គួរតែទុកពេលវេលាឲ្យរដ្ឋាភិបាលថ្មីរបស់លោក ជាអ្នករកដំណោះស្រាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាំង TikTok និងក្រុមហ៊ុនមេរបស់ខ្លួន គឺ ByteDance កំពុងព្រយាមយ៉ាងខ្លាំងដើម្បីរក្សាកម្មវិធីកម្សាន្តដ៏ពេញនិយមនៅលើអ៊ីនធឺណិតរបស់ខ្លួនមួយនេះ នៅសហរដ្ឋអាមេរិក បន្ទាប់ពីសភាបានបោះឆ្នោតកាលពីខែមេសា ដើម្បីហាមឃាត់ TikTok លុះត្រាតែក្រុមហ៊ុនមេរបស់ចិនមួយនេះ យល់ព្រមលក់កម្មវិធីរបស់ខ្លួនត្រឹមថ្ងៃទី១៩ ខែមករា។

TikTok ​បាន​ស្វែង​រកឲ្យមាន​ការ​កាត់​បន្ថយ​ច្បាប់ ហើយ​តុលាការ​កំពូល​បាន​យល់​ព្រម​ពន្យារ​ពេល​ការបើក​សវនាការ​លើ​ករណី​នេះ ខណ:តុលាការ​គ្រោង​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​នេះសារជាថ្មី ​នៅ​ថ្ងៃ​ទី១០ ខែ​មករាខាងមុខ។

ប៉ុន្តែប្រសិនបើតុលាការមិនសម្រេចតាមការពេញចិត្តរបស់ ByteDance ហើយមិនមានការដកខ្លួនចេញទេនោះ កម្មវិធីនេះអាចត្រូវបានហាមឃាត់យ៉ាងមានប្រសិទ្ធភាព នៅសហរដ្ឋអាមេរិក នៅត្រឹមថ្ងៃទី១៩ ខែមករា ពោលគឺមួយថ្ងៃមុនពេល លោក ត្រាំ ស្បថចូលកាន់តំណែង។

លោក Trump បាននិយាយនៅក្នុងឯកសារមួយកាលពីពេលថ្មីៗនេះ ថា ករណីនេះបង្ហាញពីភាពតានតឹងដែលមិនធ្លាប់មានពីមុនមក វាផ្តល់ភាពពិបាករវាងសិទ្ធិនិយាយដោយសេរីនៅម្ខាង និងគោលនយោបាយការបរទេស ក៏ដូចជាកង្វល់សន្តិសុខជាតិនៅម្ខាងទៀត។

ឯកសារនោះបានបន្ថែមថា ការផ្អាកច្បាប់នៃការបិទ TikTok នេះ នឹងផ្តល់ឱកាសយ៉ាងសំខាន់ដល់ប្រធានាធិបតីអាណត្តិថ្មី ដើម្បីបន្តស្វែងរកដំណោះស្រាយនយោបាយ ។

ជម្រាបជូនថា ការគាំទ្ររបស់លោក ត្រាំ សម្រាប់កម្មវិធី TikTok ហាក់ផ្ទុះស្រឡះកាលពីឆ្នាំ២០២០ នៅពេលដែលលោក បានព្យាយាមបិទកម្មវិធីនេះនៅក្នុងសហរដ្ឋអាមេរិក ហើយបង្ខំឲ្យលក់វាទៅឲ្យក្រុមហ៊ុនអាមេរិក ដោយសារតែភាពជាម្ចាស់របស់ប្រទេសចិន ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក៕