អាល្លឺម៉ង់ ចោទប្រកាន់មហាសេដ្ឋី Elon Musk ថាកំពុងលូកដៃជ្រៀតជ្រែកចូលការបោះឆ្នោតរបស់ខ្លួន

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង បាននិយាយកាលពីថ្ងៃចន្ទកន្លងទៅថា មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk កំពុងព្យាយាមជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតជាតិរបស់អាល្លឺម៉ង់ ដែលនឹងត្រូវធ្វើឡើងនៅខែកុម្ភ:ខាងមុខ តាមរយ:ការបង្ហាញជំហរគំាទ្រទៅលើបក្សស្តាំនិយម AfD។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងផងដែរថា ការព្រមាននេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ បានសរសេរអត្ថបទមួយ នៅក្នុងកាសែតអាល្លឺម៉ង់ Welt am Sonntag ដោយបង្ហាញការគាំទ្រទៅលើបក្សស្តាំនិយមជ្រុល (AfD) ថាជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ប្រទេសនេះ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយប្រាប់អ្នកយកព័ត៌មានថា លោក Musk កំពុងព្យាយាមជះឥទ្ធិពលលើការបោះឆ្នោតសហព័ន្ធ តាមរយ:ការប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន។ បើទោះបីជាបានទទួលស្គាល់ចំពោះសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក៏ដោយ ប៉ុន្តែអ្នកនាំពាក្យរូបនេះ បាននិយាយថា ការលើកឡើងរបស់លោក Musk បែបនេះ គឺជារឿងមិនសមហេតុផលសោះឡើយ។

ជម្រាបជូនថា ការ​អត្ថាធិប្បាយ​របស់​លោក Musk បាន​បង្កឲ្យមាន​ប្រតិកម្ម​ពីសំណាក់អ្នក​នយោបាយច្រើនរបស់អាល្លឺម៉ង់ ខណ:លោក Lars Klingbeil មេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យដែលកំពុងកាន់អំណាច ក៏បានប្រដូចមហាសេដ្ឋីអាមេរិករូបនេះ ទៅនឹងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ផងដែរ។

លោកបានបន្ថែមថា ទាំងលោក ពូទីន និងលោក Musk ចង់ឃើញកងកម្លាំងប្រឆាំងលទ្ធិប្រជាធិបតេយ្យទទួលបានជោគជ័យក្នុងការបោះឆ្នោត ដែលបណ្តាលឲ្យប្រទេសអាឡឺម៉ង់ ធ្លាក់ចូលទៅក្នុងភាពវឹកវរ៕