តុលាការរបស់ប្រទេសកូរ៉េខាងត្បូង សម្រេចចេញដីកាចាប់ខ្លួនប្រធានាធិបតីលោក Yoon Suk Yeol

អន្តរជាតិ

តុលាការរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានអនុញ្ញាតឲ្យចេញដីកាចាប់ខ្លួន ប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol ក្រោយចោទប្រកាន់ពីបទបះបោរ និងការរំលោភបំពានលើអំណាច បន្ទាប់ពីបានដាក់ចេញច្បាប់អាជ្ញាសឹកដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីពេលកន្លងទៅ។ នេះជាលើកទីមួយក្នុងប្រវត្តិសាស្រ្តហើយដែលមេដឹកនាំកំពុងកាន់អំណាច ត្រូវប្រឈមមុខនឹងដីកាចាប់ខ្លួនរបស់តុលាការបែបនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន UPI។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានបង្ហាញឲ្យដឹងថា ដីកាចាប់ខ្លួនលោក Yoon ត្រូវតែអនុវត្តក្នុងរយៈពេលប្រាំពីរថ្ងៃ លុះត្រាតែមានការពន្យារពេលណាមួយបន្ថែមទៀត។ លោក Yoon ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ឃុំ​ខ្លួន​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង​ក្រុង​សេអ៊ូល​។

ក្រុមស៊ើបអង្កេតរួមគ្នាមួយ ដោយរួមមានសមាជិកមកពីការិយាល័យប្រឆាំងអំពើពុករលួយរបស់ប៉ូលីស និងក្រសួងការពារជាតិ បានបញ្ជាឲ្យឃុំខ្លួន លោក Yoon បន្ទាប់ពីលោកមិនបានអើពើនឹងដីកាកោះពីមុនចំនួនបីលើករួចមកហើយ ដើម្បីចូលខ្លួនសាកសួរពាក់ព័ន្ធនឹងការប្រកាសចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ។

គួរឲ្យដឹងថា លោក Yoon នៅតែស្ថិតក្នុងតំណែងបន្ទាប់ពីត្រូវបានចោទប្រកាន់ដោយសមាជិកសភាក្នុងការប៉ុនប៉ងដកតំណែងជាលើកទីពីរ នៅថ្ងៃទី១៤ ខែធ្នូ ដោយរង់ចាំការសម្រេចចិត្តចុងក្រោយរបស់តុលាការធម្មនុញ្ញថាតើត្រូវបញ្ចប់តំណែងប្រធានាធិបតីរបស់លោក Yoon ឬមួយត្រូវស្តារតំណែងរបស់លោកឡើងវិញ ក្នុងរយៈពេល ១៨០ថ្ងៃទៀត។

ជម្រាបជូនថា បន្ទាប់​ពី​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​អនុម័ត​ក្នុង​សំឡេង​បោះឆ្នោត ២០៤​ ទល់នឹង ៨៥ លោក Yoon ត្រូវ​បាន​ជំនួស​ដោយ​នាយក​រដ្ឋមន្ត្រី Han Duck-soo ក្នុងនាមជា​ប្រធានាធិបតី​ស្តីទី។ ប៉ុន្តែក្រោយមក លោក Han ត្រូវ​បាន​ដក​ចេញ​ពី​តំណែងវិញ ​កាល​ពី​ថ្ងៃ​សុក្រ និងត្រូវបានជំនួសដោយរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Choi Sang-mok៕