ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីកំពូលទាំង៦ របស់វៀតណាមដែលជាប់នៅក្នុងបញ្ជីអ្នកមានដាច់គេរបស់ទស្សនាវដ្តី Forbes បានកើនឡើងចំនួន ៨០០លានដុល្លារ ក្នុងឆ្នាំ២០២៤ ដល់ចំនួនសរុបប្រមាណ ១៣,៤ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣០ ខែធ្នូ។
មហាសេដ្ឋីវៀតណាមដែលត្រូវបានជាប់នៅក្នុងបញ្ជីអ្នកមានរបស់ Forbes នេះ រួមមាន ប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong , ប្រធានក្រុមហ៊ុន VietJet Air លោកស្រី Nguyen Thi Phuong Thao , ប្រធានក្រុមហ៊ុនផលិតដែកថែប Hoa Phat លោក Tran Dinh Long,ប្រធានក្រុមហ៊ុន Techcombank លោក Ho Hung Anh ,ប្រធានក្រុមហ៊ុនផលិតរថយន្ត Thaco លោក Tran Ba Duong និងប្រធានក្រុមហ៊ុនលក់រាយ Masan លោក Nguyen Dang Quang ។
ក្នុងចំណោមនោះ លោក Voung ដែលជាអ្នកមានដាច់គេបំផុតរបស់ប្រទេស បានឃើញទ្រព្យសរុបរបស់ខ្លួនធ្លាក់ចុះពីចំនួន ៤,៣ពាន់លានដុល្លារកាលពីឆ្នាំមុន មកនៅត្រឹម ៤,១ពាន់លានដុល្លារ ដែលជាចំនួនទាបបំផុតក្នុងរយ:ពេល ៧ឆ្នាំចុងក្រោយ។ ការធ្លាក់ចុះនៃទ្រព្យសម្បត្តិរបស់លោក Voung នេះបានកើតឡើង បន្ទាប់ពីតម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុន Vingroup ធ្លាក់ចុះ ៩% នៅក្នុងឆ្នាំ២០២៤។ លោក Voung បច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី៨៣២ នៅទូទាំងពិភពលោក។
ទន្ទឹមនឹងនេះ ទ្រព្យសម្បត្តិរបស់លោក Duong និងលោក Quang ក៏បានធ្លាក់ចុះម្នាក់ ២០០លានដុល្លារ ផងដែរ ដោយទ្រព្យសរុបរបស់លោក Duong បច្ចុប្បន្នមានចំនួន ១,២ពាន់លានដុល្លារ និងលោក Quang មានទ្រព្យសរុប ១ពាន់លានដុល្លារ។
ប៉ុន្តែទោះជាយ៉ាងណា មហាសេដ្ឋីវៀតណាម បីរូបផ្សេងទៀត សុទ្ធតែបានបង្កើនទ្រព្យសម្បត្តិរបស់ខ្លួននៅឆ្នាំនេះ ដោយលោកស្រី Thao មានកំណើនខ្ពស់ជាងគេ ដោយកើនឡើង ៧០០លានដុល្លារដល់ចំនួនសរុប ២,៩ពាន់លានដុល្លារ។ បច្ចុប្បន្ននេះ លោកស្រី Thao ជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ទី ១ ១៨៧ នៅលើពិភពលោក។
ជាមួយគ្នានោះ ភាគហ៊ុនរបស់ក្រុមហ៊ុន Hoa Phat និង Techombank ដំណើរការបានយ៉ាងល្អក្នុងឆ្នាំ២០២៤ ដោយវាបានជួយបង្កើនទ្រព្យសម្បត្តិរបស់លោក Long ជាង ៦០០លានដុល្លារ ដល់ចំនួនសរុប ២,៤ពាន់លានដុល្លារ ខណ:លោក Anh បានបង្កើនទ្រព្យជាង ៣០០លានដុល្លារ ដល់ចំនួនសរុប ១,៨ពាន់លានដុល្លារ៕