ទោះបីកំពុងជួបប្រទះនឹងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងកង្វះខាតយន្តហោះសម្រាប់ដឹកអ្នកដំណើរ ដែលកំពុងមានការកើនឡើងក្តី ក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោក កំពុងតែត្រូវបានគេរំពឹងថា នឹងអាចទៅបំបែកកំណត់ត្រាប្រាក់ចំណូលរបស់ខ្លួន ត្រឹមឆ្នាំ២០២៥ខាងមុខ។
បើក្រឡេកទៅអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ កំពុងពេញវាយលុកខ្លាំង ពិភពលោកត្រូវប្រកាសអាសន្ន មានមនុស្សតិចណាស់យល់ឃើញថា ប្រាក់ចំណូលឧស្សាហកម្មអាកាសចរណ៍របស់ពិភពលោកទាំងមូល នឹងមានការកើនឡើង។ ជាការពិត ក្រុមហ៊ុនដឹកជញ្ជូនជាច្រើនបានរាយការណ៍អំពីការធ្លាក់ចុះនៃប្រាក់ចំណូលរបស់ពួកគេរៀងៗខ្លួន។ យ៉ាងណាក៏ដោយ នៅប៉ុន្មានឆ្នាំចុងក្រោយហាក់មានការប្រែប្រួល ដោយថ្មីៗនេះ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានព្យាករណ៍ថា ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសនៅទូទាំងពិភពលោក អាចនឹងទាញបានប្រាក់ចំណូលសរុបដល់ទៅជាង ១ទ្រីលានដុល្លារក្នុងឆ្នាំ២០២៥។
ប្រាក់ចំណូលជាង ១ទ្រីលានដុល្លារនេះ បើធៀបទៅនឹងឆ្នាំ២០២៤ ឧស្សាហកម្មអាកាសចរណ៍របស់ពិភពលោកអាចរកបានត្រឹមចំនួន ៩៦៤ពាន់លានដុល្លារប៉ុណ្ណោះ ខណៈបើគិតពីប្រាក់ចំណេញវិញនោះ ក៏គេរំពឹងថា នឹងមានចំនួនប្រហែល ៣៦,៦ពាន់លានដុល្លារ នៅឆ្នាំ២០២៥ កើនឡើងពីចំនួន ៣១៥ពាន់លានដុល្លារនៅឆ្នាំ២០២៤។
ទោះបីជាបែបនេះក្តី លោក Willie Walsh ប្រធានសមាគម IATA លើកឡើងថា ទោះជាមានការព្យាករណ៍ថាប្រាក់ចំណូលនឹងកើនឡើងដល់ខ្ទង់ទ្រីលានដុល្លារនៅឆ្នាំ២០២៥ ក៏ពិតមែន ប៉ុន្តែបញ្ហានៅតែមាន ពោលខ្សែសង្វាក់ផ្គត់ផ្គង់ពាក់ព័ន្ធគ្រឿងបន្លាស់យន្តហោះ ក៏ដូចជាម៉ាស៊ីនជាដើម បានរំខានយ៉ាងខ្លាំងដល់ផលិតកម្ម។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនផលិតយន្តហោះមានជាអាទិ៍ Boeing និង Airbus កំពុងតែជួបប្រទះនឹងការបញ្ជាទិញដ៏ច្រើនសន្ធឹក តែមិនអាចបំពេញតាមតម្រូវការទាន់ពេលដូចការចង់បាន ខណៈ Boeing ទៀតសោតនោះ ក៏ប្រឈមរឿងបញ្ហាគុណភាពផលិតកម្មរបស់ខ្លួន ប៉ះពាល់ដល់បណ្តាញដឹកជញ្ជូនរបស់ក្រុមហ៊ុនអាកាសចរណ៍ផងដែរ៕