អាជីវកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់គ្រួសារមហាសេដ្ឋីហុងកុង Cheng Yu Tung កំពុងស្វែងរកឈ្មួញទិញផ្លូវដីគោករបស់ខ្លួន នៅក្នុងប្រទេសចិន តម្លៃប្រហាក់ប្រហែល ២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីបណ្តាញសារព័ត៌មានធំៗជាច្រើន។
CTF Services Ltd. ដែលពីមុនត្រូវបានគេស្គាល់ថាជា NWS Holdings Ltd. ពោលគឺជាកម្មសិទ្ធិរបស់គ្រួសារ Cheng កំពុងតែពិភាក្សាគ្នាជាមួយក្រុមហ៊ុន Yuexiu ដែលជាកម្មសិទ្ធិរបស់រដ្ឋចិន ទាក់ទងនឹងការលក់ផ្លូវនេះ ខណៈ CTF ព្រមៗគ្នាក៏កំពុងពិភាក្សាជាមួយអ្នកទិញផ្សេងៗទៀតផងដែរ ដោយត្រូវបានគេដឹងថា ផ្លូវនេះក៏អាចនឹងលក់ជាច្រើនកំណាត់ ជាច្រើនម្ចាស់ ក៏ថាបាន។
ពាក់ព័ន្ធនឹងគោលបំណងចង់លក់ដូច្នេះ អាចបណ្តាលមកពីយុទ្ធសាស្ត្ររបស់ CTF ចង់បង្កើនសាច់ប្រាក់ ជំរុញការវិនិយោគបន្ថែម ក៏ដូចជាចង់ផ្តោតទៅលើអាជីវកម្មណាផ្សេងទៀត ដែលមានសក្តានុពលចំណេញ ឬមានកំណើនលឿនជាងមុន។
គួរជម្រាបថា ផ្លូវនេះជាផ្លូវបង់ប្រាក់ទើបអាចបើកបរបាន ហើយបើយោងតាមគេហទំព័រ CTF ផ្ទាល់តែម្តង បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នខ្លួនកំពុងតែមានប្រតិបត្តិការលើផ្លូវចំនួន ១៥ខ្សែទូទាំងប្រទេសចិន រួមទាំងទីក្រុងធំៗដូចជា Guangzhou, Shenzhen និង Hangzhou ក៏មានផងដែរ៕