មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Jeff Bezos ត្រូវបានគេរាយការណ៍មកថា បានចំណេញលុយពីការបង់ពន្ធជិត ១ពាន់លានលដុល្លារ ជុំវិញការកើនឡើងនៃតម្លៃភាគហ៊ុនក្រុមហ៊ុន Amazon របស់ខ្លួនៅក្នុងឆ្នាំ២០២៤ បន្ទាប់ពីបានសម្រេចចិត្តផ្លាស់ប្តូរផ្ទះទៅកាន់រដ្ឋ Florida។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។
រំលឹកផងដែរថា កាលពីចុងឆ្នាំ២០២៣ កន្លងទៅ អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon រូបនេះ បានប្រកាសពីការផ្លាស់ប្តូរទីលំនៅរបស់ខ្លួនពីទីក្រុង Seattle រដ្ឋ Washington ទៅកាន់ទីក្រុង Indian Creek រដ្ឋ Florida ជំនួសវិញ ក្រោមហេតុផលការងារ និងផ្ទាល់ខ្លួន។ លោក Bezos បានបញ្ជាក់ថារូបលោកចង់ស្នាក់នៅជិតឪពុកម្តាយរបស់ខ្លួន ក៏ដូចជានៅជិតទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនអវកាស Blue Origin ដែលស្ថិតនៅទីក្រុង Cape Canaveral រដ្ឋ Florida ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយពី Fortune បានបង្ហាញឲ្យដឹងថា បញ្ហាពន្ធដារដ៏តឹងរ៉ឹងនៅក្នុងរដ្ឋ Washington គឺជាហេតុផលដ៏សំខាន់បំផុតដែលធ្វើឲ្យលោក Bezos ឈានដល់ការសម្រេចចិត្តផ្លាស់ប្តូរផ្ទះរបស់ខ្លួនបែបនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មហាសេដ្ឋីជាច្រើន បានផ្លាស់ទៅរស់នៅរដ្ឋ Florida ជំនួសវិញ ជាកន្លែងដែលមិនមានការយកពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ឬពន្ធលើការបង្កើនដើមទុន ជាដើម។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីដើមឆ្នាំ២០២៤ មក លោក Bezos បានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Amazon ចំនួនប្រហែល ១៣,៦ពាន់លានដុល្លារ ហើយប្រសិនបើមហាសេដ្ឋីរូបនេះ នៅតែបន្តស្នាក់នៅរដ្ឋ Washington នោះ លោកនឹងត្រូវបង់ពន្ធលើមូលធនទៅកាន់រដ្ឋាភិបាលក្នុងចំនួនទឹកប្រាក់ដល់ទៅ ៩៥៤លានដុល្លារ ឯណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។
ជម្រាបជូនថា ថ្វីបើមានការលក់ភាគហ៊ុនអស់រាប់ពាន់លានដុល្លារ និងចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon ក៏ដោយ ក៏លោក Bezos នៅតែជាបុគ្គលដែលមានជាងគេទីពីរនៅលើពិភពលោក ដោយតាមពីក្រោយ CEO របស់ក្រុមហ៊ុន Tesla លោក Elon Musk ។ ហើយយោងតាម Bloomberg Billionaires Index បានបង្ហាញថា ឥឡូវនេះ លោក Bezos មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤១ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៦៣,៧ពាន់លានដុល្លារ គិតចាប់តាំងពីដើមឆ្នាំ២០២៤ មក៕