ច្រើនទៅៗហើយ! បំណុលជាតិរបស់សហរដ្ឋអាមេរិក កើនដល់ទៅជាង ៣៦ទ្រីលានដុល្លារ

អន្តរជាតិ

សហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោក នៅត្រឹមខែធ្នូ ឆ្នាំ២០២៤ ត្រូវបានគេដឹងថា កំពុងជួបប្រទះនៃការកើនឡើងបំណុលជាតិរបស់ខ្លួនដល់ចំនួន ៣៦,១ទ្រីលានដុល្លារ ដែលចំនួននេះគឺកើនពីចំនួន ៣៤,៤ទ្រីលានដុល្លារដែលអាមេរិកបានជំពាក់កាលពីចុងឆ្នាំ២០២៣ ។ នេះបើតាមប្រភពទិន្នន័យពីក្រសួងរតនាគារសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បំណុលដែលចេះតែកើនឡើងមួយក្រឺតៗជារៀងរាល់ឆ្នាំដូច្នេះ អាចចាត់ទុកបានថា ជាការចាយហួសប្រមាណ ដោយរដ្ឋាភិបាលសហព័ន្ធចាយវាយច្រើន លើសពន្ធដែលខ្លួនប្រមូលបានពីវិស័យឯកជន ឬវិស័យផ្សេងៗទៀត។ គួរឲ្យដឹងថា ពេលរដ្ឋាភិបាលត្រូវចំណាយហួសចំណូលពន្ធ នោះឱនភាពថវិកាក៏កើតមានឡើង តែដើម្បីគ្រប់គ្រងការចំណាយឲ្យមានស្ថិរភាព រតនាគារត្រូវបោះលក់ប័ណ្ណបំណុល លើទីផ្សារ ឲ្យស្ថាប័ន ឬវិនិយោគិន ទិញ ដោយក្នុងនោះ រដ្ឋាភិបាលអាមេរិក ភាគច្រើនជំពាក់ស្ថាប័ននៅក្នុងស្រុក ខណៈនៅក្រៅប្រទេសវិញ សហរដ្ឋអាមេរិកជំពាក់ប្រទេសជប៉ុនច្រើនជាងគេពោលខ្ទង់ ១,១ទ្រីលានដុល្លារ ជំពាក់ចិន ០,៨ទ្រីលានដុល្លារ ជំពាក់អង់គ្លេស ០,៧ទ្រីលានដុល្លារ និងជំពាក់បណ្តាក្រុមប្រទេសផ្សេងៗទៀតចំនួន ៥,៣ទ្រីលានដុល្លារ។

អាចថាមើលឃើញពីការកើនឡើងនៃបំណុលបែបនេះ ប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ ក៏ទើបតែបានតែងតាំងមហាសេដ្ឋីប្រាក់ពាន់លាន លោក Elon Musk និងលោក Vivek Ramaswamy ទៅកាន់តួនាទីជាក្បាលម៉ាស៊ីនដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ដែលទើបតែបង្កើតថ្មីៗ។ នាយកដ្ឋានមួយនេះ គឺមានតួនាទីខាងត្រួតពិនិត្យ ក៏ដូចជាលុបបំបាតចោលលើការចំណាយណា ដែលខ្ជះខ្ជាយមិនចាំបាច់ ស្របពេលលោក Elon Musk ថាការកាន់តំណែងរបស់លោក យ៉ាងហោចណាស់នឹងជួយកាត់បន្ថយការចំណាយខ្ជះខ្ជាយបានដល់ទៅ ២ទ្រីលានដុល្លារឯណោះ៕