រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន បានប្រកាសផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុបន្ថែមជិត ៦ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ុយក្រែន ពោលបីសប្តាហ៍មុនពេលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលថ្មីៗនេះថា ៖”ខ្ញុំមានមោទនភាពក្នុងការប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីបន្ថែម ជិត ២,៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដើម្បីជួយពួកគេប្រឆាំងនឹងប្រទេសរុស្ស៊ី” ។
ក្នុងចំណោមកញ្ចប់ជំនួយថ្មីនោះ ទឹកប្រាក់ចំនួន ១,២៥ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ក្រោមច្បាប់កែតម្រូវភាពដែលអាចរកបានរបស់ប្រធានាធិបតី (PDA) ដែលជាច្បាប់អនុញ្ញាតឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដកអាវុធដោយផ្ទាល់ចេញពីឃ្លាំងរបស់ខ្លួន ដើម្បីផ្ទេរទៅឲ្យដៃគូក្នុងគ្រាអាសន្នណាមួយ ដោយមិនតម្រូវឲ្យមានការយល់ព្រមពីសភា។
ទន្ទឹមនឹងនេះ ទឹកប្រាក់ចំនួន ១,២២ពាន់លានដុល្លារដែលនៅសេសសល់ គឺត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ទិញអាវុធពីក្រុមហ៊ុននានា ដើម្បីផ្ទេរទៅកាន់ប្រទេសជាប់ដៃក្នុងសង្គ្រាមមួយនេះ។
យោងតាមមន្ទីរបញ្ចកោណ បានបង្ហាញឲ្យដឹងទៀតថា កញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន រួមមាន មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS និង HAWK កាំជ្រួចការពារដែនអាកាសចល័ត FIM-92 Stinger គ្រាប់រ៉ុក្កែត HIMARS កាំជ្រួចប្រឆាំងរ៉ាដា និងកាំភ្លើងធំ កាំជ្រួចប្រឆាំងរថក្រោះ អាវុធដៃ និងគ្រាប់រំសេវ ជាដើម។
មិនតែប៉ុណ្ណោះ ក្រសួងរតនាគារអាមេរិក ក៏បានប្រកាសនៅថ្ងៃជាមួយគ្នាផងដែរថា នឹងបញ្ចេញកញ្ចប់ថវិកាផ្ទាល់ខ្លួនប្រែហល ៣,៤ ពាន់លានដុល្លារផ្សេងទៀត ទៅកាន់អ៊ុយក្រែន ផងដែរ។ ហើយភាគច្រើននៃទឹកប្រាក់ទាំងនោះ នឹងត្រូវប្រើប្រាស់ដើម្បីរក្សាប្រតិបត្តិការរបស់រដ្ឋាភិបាលអ៊ុយក្រែន និងបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ៕