រុស្ស៊ី ប្រកាសកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់តំបន់អឺរ៉ុប តាមរយ:បំពង់​បង្ហូរ​ឆ្លងកាត់ប្រទេសអ៊ុយក្រែន

អន្តរជាតិ

ប្រទេសរុស្ស៊ី កាលពីពេលថ្មីៗនេះ បានប្រកាសកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួន ទៅកាន់តំបន់អឺរ៉ុប តាមរយៈបំពង់បង្ហូរឆ្លងកាត់ប្រទេសអ៊ុយក្រែន ពោលគឺមុនពេលកិច្ចព្រមព្រៀងឆ្លងកាត់ជាមួយរដ្ឋាភិបាលទីក្រុងគៀវ ត្រូវផុតកំណត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់រុស្ស៊ី Gazprom បាននិយាយថា ខ្លួននឹងបញ្ជូនឧស្ម័នត្រឹមតែ ៣៧,២ លានម៉ែត្រគូប ទៅតំបន់អឺរ៉ុបតាមរយៈអ៊ុយក្រែន នៅថ្ងៃទី៣១ ខែធ្នូ ពោលគឺធ្លាក់ចុះពីចំនួន ៤២,៤ លានម៉ែត្រគូប កាលពីមួយថ្ងៃមុន។ ការបញ្ជូនឧស្ម័ននេះ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់សូន្យ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ពោលគឺនៅពេលដែលកិច្ចព្រមព្រៀងឆ្លងកាត់រយៈពេលប្រាំឆ្នាំ ជាមួយអ៊ុយក្រែនត្រូវផុតកំណត់។

តាមរយ:បំពង់បង្ហូរនោះ រុស្ស៊ីនឹងបញ្ឈប់ទាំងស្រុងនូវការនាំចេញឧស្ម័ន ដោយឆ្លងកាត់តាមរយៈប្រទេសអ៊ុយក្រែនទៅកាន់អឺរ៉ុប ហើយបន្តហូរទៅកាន់ប្រទេសស្លូវ៉ាគី អូទ្រីស ហុងគ្រី និងអ៊ីតាលី ជាដើម។ អ៊ុយក្រែន​បាន​បដិសេធ​មិន​ធ្វើការចរចា​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​រុស្ស៊ី​ទេ ដោយសារ​ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្តនៅឡើយ។

គួរឲ្យដឹងថា ការបញ្ឈប់ការដឹកជញ្ជូនឧស្ម័នរុស្ស៊ី ដោយឆ្លងកាត់អ៊ុយក្រែននេះ នឹងក្លាយជាបញ្ហាដ៏ធំមួយចំពោះប្រទេសម៉ុលដាវី ដែលទទួលបានឧស្ម័នពីរុស្ស៊ីច្រើនជាងគេ ក្នុងចំនួនប្រហែល ២ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ តាមរយៈបំពង់បង្ហូរនេះ។

ជម្រាបជូនថា ការបញ្ចប់កិច្ចព្រមព្រៀងឆ្លងកាត់នេះ មានន័យថា រដ្ឋាភិបាលក្រុងគៀវ នឹងបាត់បង់ថ្លៃសេវាពីរុស្ស៊ីប្រហែល ៨០០លានដុល្លារ ហើយក្រុមហ៊ុន Gazprom ក៏នឹងខាតបង់ទឹកប្រាក់ជិត ៥ពាន់លានដុល្លារផងដែរ ពីការលក់ហ្គាស់របស់ខ្លួនទៅអឺរ៉ុប តាមរយៈអ៊ុយក្រែន៕