ហ្វីលីពីន អនុម័តកញ្ចប់ថវិកាជាតិថ្មី សម្រាប់ឆ្នាំ២០២៥ កើនឡើងដល់ជាង ១០០ពាន់លានដុល្លារ

អន្តរជាតិ

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Romualdez Marcos Jr. កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បានចុះហត្ថលេខាលើច្បាប់ថវិកាជាតិថ្មីដែលមានតម្លៃរហូតដល់ទៅ ៦,៣៣ទ្រីលានប៉េសូ (១០៩,៣ពាន់លានដុល្លារ) សម្រាប់ឆ្នាំ២០២៥ ពោលគឺកើនឡើង ៩,៧% ពីថវិកាឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



តាមរយ:សុន្ទរកថាមួយក្នុងពិធីចុះហត្ថលេខានេះ លោក Marcos បានសង្កត់ធ្ងន់ថា កញ្ចប់ថវិកាជាតិថ្មីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់រដ្ឋាភិបាល ក្នុងការបំប្លែងប្រាក់ចំណេញសេដ្ឋកិច្ចទៅជាកំណើនរយៈពេលវែង និងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនហ្វីលីពីន។

ថវិកានេះ ត្រូវបានរចនាឡើងមិនត្រឹមតែដើម្បីដោះស្រាយតម្រូវការបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទ្រទ្រង់កំណើន និងលើកស្ទួយជីវិតរស់នៅរបស់ពលរដ្ឋជំនាន់ក្រោយៗទៀត។ លោក Marcos បានមានប្រសាសន៍ទៀតថា ថវិកាជាតិឆ្នាំ២០២៥ នេះ បានគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក ចំពោះសេវាសង្គម ការអប់រំ និងសុខភាព ខណៈពេលដែលដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការអភិវឌ្ឍន៍ និងគាំទ្រដល់ការអភិវឌ្ឍន៍កសិកម្ម ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ផងដែរ។

ជម្រាបជូនថា កាលពីដើមខែធ្នូ រដ្ឋាភិបាលហ្វីលីពីន បានព្យាករថា GDP របស់ប្រទេសខ្លួននឹងកើនឡើងចន្លោះ ៦% ទៅ ៦,៥% នៅឆ្នាំ២០២៤ ចំពេលបរិយាកាសសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ទាំងក្នុង និងក្រៅប្រទេស។ ស្របពេលប្រទេសនេះ ក៏បានដាក់គោលដៅពង្រីកកំណើន GDP របស់ខ្លួនសម្រាប់ឆ្នាំ២០២៥ នេះ ដល់ចន្លោះពី ៦% ទៅ ៨% ផងដែរ៕