មហាសេដ្ឋី១០រូប ល្បីថាកាន់មុខជំនួញសុទ្ធតែខ្នាតយក្ស និងមានទ្រព្យដាច់គេនៅអង់គ្លេស ដល់ ១០៩ពាន់លានដុល្លារ

អន្តរជាតិ

បើយោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងនូវបញ្ជីឈ្មោះមហាសេដ្ឋីនៅចក្រភពអង់គ្លេស ដែលមានដាច់គេប្រចាំប្រទេសចំនួន ១០នាក់ ល្បីថាកាន់កាប់មុខជំនួញសុទ្ធតែធំៗ និងមានទ្រព្យហូរហៀរសរុបបញ្ចូលគ្នារហូតដល់ទៅខ្ទង់ ១០៩ពាន់លានដុល្លារឯណោះ គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. លោក Michael Platt គឺជាមហាសេដ្ឋីឈរនៅលំដាប់កំពូលរបស់ប្រទេស ពោលលោកមានទ្រព្យខ្ទង់ ១៨ពាន់លានដុល្លារ។ លោកគឺសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន BlueCrest Capital Management ដែលមានទីស្នាក់ការកណ្តាលឯទីក្រុងឡុងដ៍។

២. លោក Sir James Ratcliffe មានទ្រព្យប្រមាណ ១៥,៨ពាន់លានដុល្លារ ជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន Ineos Group ។ លោក Sir James បច្ចុប្បន្នវ័យ ៧១ឆ្នាំក៏មានភាគហ៊ុន២៨% នៅក្នុងក្លឹបបាល់ទាត់ល្បីឈ្មោះ Manchester United ផងដែរ។

៣. លោក Sir James Dyson មានទ្រព្យខ្ទង់ ១៣,៣ពាន់លានដុល្លារ។ លោកបានបង្កើតក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ Dyson នៅឆ្នាំ១៩៩១ ហើយឥឡូវបានប្រែក្លាយជាក្រុមហ៊ុនដែលមានបុគ្គលិកជាង ៥ពាន់នាក់ជុំវិញពិភពលោក។

៤. លោក Alexander Gerko មានទ្រព្យចំនួន ១០,២ពាន់លានដុល្លារ ដែលទើបតែបានបង្កើតក្រុមហ៊ុន XTX Markets ក្នុងឆ្នាំ២០១៥ ហើយចំណេញមួយក្ឌាំងនៅឆ្នាំ២០២១ បានធ្វើឲ្យខ្លួនក្លាយជាអ្នកផ្តល់សេវាដ៏ធំជាងគេបំផុតនៅលើទីផ្សារក្នុងឆ្នាំ២០២២ នេះបើតាមការចុះផ្សាយពីទស្សនាវដ្តី Forbes ។

៥. លោក Christopher Hohn មានទ្រព្យសម្បត្តិ ៩,៥ពាន់លានដុល្លារ គឺជាអ្នកបង្កើតមូលនិធិវិនិយោគកុមារក្នុងឆ្នាំ២០២៣ មានមូលដ្ឋាននៅចក្រភពអង់គ្លេស។ បុរសវ័យ ៥៨ឆ្នាំរូបនេះ ធ្លាប់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Southampton និងទទួលបាន MBA នៅសាកលវិទ្យាល័យ Harvard ។

៦. លោក David Reuben មានទ្រព្យ ៩,៣ពាន់លានដុល្លារ។ លោកបានចាប់ដៃសាងទ្រព្យសម្បត្តិជាមួយបងប្អូនឈ្មោះ Simon Reuben ។ នៅឆ្នាំ២០១៦ ពួកគេបានលក់៤៩% នៃអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន GlobalSwitch ទៅឲ្យអ្នកវិនិយោគចិន បានប្រាក់ចំនួនជិត ៣ពាន់លានដុល្លារផងដែរកាលនោះ។

៧. លោក Simon Reuben មានទ្រព្យប្រមាណ ៩,៣ពាន់លានដុល្លារ បច្ចុប្បន្នវ័យ ៨៣ឆ្នាំ ចាប់ផ្តើមរកស៊ីដំបូងជាអ្នកនាំចូលកម្រាលព្រំ មុនពេលចេញវិនិយោគក្នុងងវិស័យអចលនទ្រព្យ។ គ្រួសារមហាសេដ្ឋី Reuben ក៏មានភាគហ៊ុនប្រមាណ១៤% នៃក្លឹបបាល់ទាត់ Newcastle United នៅលីគកំពូលអង់គ្លេសផងដែរ។

៨. លោកស្រី Denise Coates  មានទ្រព្យសម្បត្តិ ៩,៣ពាន់លានដុល្លារ គឺជាស្ថាបនិក និងសហនាយកប្រតិបត្តិនៃ Bet365 ។ ស្រ្តីវ័យ ៥៧ឆ្នាំរូបនេះ បានបើកដំណើរការវេបសាយ Bet365.com ក្នុងឆ្នាំ២០០១ ហើយវាបន្តក្លាយទៅជាអាជីវកម្មល្បែងអនឡាញដ៏ធំបំផុតមួយរបស់ពិភពលោកនាពេលសព្វថ្ងៃ។

៩. អ្នកជំនួញសញ្ជាតិអង់គ្លេសដើមកំណើតរុស្ស៊ី លោក Nikolay Storonsky មានទ្រព្យប្រមាណ ៧,៩ពាន់លានដុល្លារ គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Revolt ។ ក្រុមហ៊ុននេះមានតម្លៃ ៤៥ពាន់លានដុល្លារក្នុងខែសីហា ឆ្នាំ២០២៤ ។ ថ្វីត្បិតលោកមានដើមកំណើតរុស្ស៊ីក៏ពិតមែន ប៉ុន្តែក្រោយពីរុស្ស៊ីវាយចូលអ៊ុយក្រែនកាលឆ្នាំ២០២២ បុរស៤០ឆ្នាំរូបនេះ បានបោះបង់សញ្ជាតិដើមរបស់ខ្លួនទាំងមិនស្តាយ។

១០. លោក Anthony Bamford និងគ្រួសារ មានទ្រព្យប្រហាក់ប្រហែល ៧,៣ពាន់លានដុល្លារ គឺជាអ្នកផលិតឧបករណ៍សំណង់ JCB ដែលត្រូវបានបង្កើតឡើងដោយឳពុករបស់លោកនៅឆ្នាំ១៩៤៥ ។ បើយោងតាម Forbes ក្រុមហ៊ុននេះ បានរកប្រាក់ចំណូលប្រចាំឆ្នាំជិត ៧ពាន់លានដុល្លារ និងបានលក់ផលិតផលរបស់ខ្លួននៅទូទាំង ១៥០ប្រទេសជុំវិញពិភពលោក។

សូមជម្រាបថា បើនិយាយអំពីមហាសេដ្ឋីមានដាច់គេនៅលើពិភពលោកវិញនោះ គឺជាមហាសេដ្ឋីនៅទឹកដីអាមេរិកឯណោះវិញទេ ពោលលោក Elon Musk បានឈរនៅចំណាត់ថ្នាក់កំពូល ដែលមានទ្រព្យ ៤២៨,៨ពាន់លានដុល្លារ តាមពីក្រោយដោយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Benzos និងលោក Larry Ellison ដែលជាអគ្គនាយកក្រុមហ៊ុន Oracle ៕