យោងតាមក្រសួងការបរទេសថៃ បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសថៃ បានក្លាយជាដៃគូផ្លូវការរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីចកម្រើនខ្លាំង BRICS ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នេះតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
យោងតាមក្រសួង បានបង្ហាញឲ្យដឹងទៀតថា ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្តល់ឱកាសសម្រាប់ប្រទេសថៃ និងសមាជិក BRICS ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ BRICS បណ្តុំដោយប្រទេសមានទីផ្សារកំពុងរីកចម្រើនខ្លាំង និងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសក្តានុពលខ្ពស់។
ក្រសួងរបរទេសថៃ ក៏បានបង្ហាញក្តីរំពឹងទុកខ្ពស់ថា ភាពជាដៃគូនេះ នឹងជំរុញទំនាក់ទំនងរវាងប្រទេសថៃ និងសមាជិកក្រុម BRICS ក៏ដូចជាតួនាទីរបស់ប្រទេសថៃ នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ផងដែរ។
ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការសហការជាមួយក្រុម BRICS ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាអាស៊ាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី (ACD) និងគំនិតផ្តួចផ្តើម Bay of Bengal សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចពហុវិស័យ (BIMSTEC) ជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួង។
ខណៈពេលដែលប្រេស៊ីលនឹងក្លាយជាប្រធានកិច្ចប្រជុំកំពូល BRICS នៅឆ្នាំ២០២៥ នេះ ក្រសួង ក៏រំពឹងថាភាពជាដៃគូនឹងអនុញ្ញាតឲ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមក្នុងកិច្ចប្រជុំមួយចំនួន ដើម្បីគាំទ្រដល់ការវិវត្តនៃកិច្ចសហប្រតិបត្តិការ BRICS បន្ថែមទៀត។
ជម្រាបជូនផងដែរថា BRICS គឺជាប្លុកអន្តរជាតិមួយដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៦ ជាសម្ព័ន្ធនៃទីផ្សារដែលកំពុងរីកចម្រើនធំៗ ហើយឥឡូវនេះមានប្រទេសចំនួន ១០ ជាសមាជិកផ្លូវការ ដោយរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម៕