ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីលំដាប់កំពូលឥណ្ឌា លោក Gautam Adani កាលពីពេលថ្មីៗនេះ បានប្រកាសដកខ្លួនចេញទាំងស្រុងពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Adani Wilmar ដោយលក់ភាគហ៊ុនទាំងអស់របស់ខ្លួន ទៅឲ្យដៃគូ Wilmar International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក្នុងកិច្ចព្រមព្រៀងតម្លៃប្រមាណ ២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
Adani Enterprises Ltd ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ កាន់កាប់ដល់ទៅ ៤៣,៩៤% នៅក្នុងក្រុមហ៊ុន Adani Wilmar Ltd បានប្រកាសពីផែនការលក់ភាគហ៊ុនចំនួន ៣១,០៦% ទៅឲ្យ Wilmar International គ្រប់គ្រងជំនួសវិញ ខណ:ភាគហ៊ុននៅសេសសល់ចំនួន ១៣% ទៀត នឹងត្រូវបានលក់នៅក្នុងទីផ្សារបើកចំហ ដើម្បីអនុលោមតាមបទដ្ឋាននៃការកាន់កាប់ភាគហ៊ុនសាធារណៈអប្បបរមា។
ប្រាក់ចំណូលបានពីការលក់ភាគហ៊ុននេះ នឹងត្រូវប្រើដើម្បីជំរុញអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធស្នូលរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោក Gautam Adani។
គួរឲ្យដឹងផងដែរថា ជុំវិញការដកខ្លួននេះ គឺជាប្រតិបត្តិការធំដំបូងគេបង្អស់របស់ក្រុមហ៊ុនដែលគ្រប់គ្រងដោយមហាសដ្ឋីកំពូលរបស់ឥណ្ឌា ពោលគឺចាប់តាំងពីត្រូវបានអាជ្ញាធរអាមេរិកបានចោទប្រកាន់ស្ថាបនិកក្រុមហ៊ុន លោកGautam Adani និងនាយកប្រតិបត្តិកំពូលមួយចំនួនថាជាផ្នែកនៃគម្រោងបង់ប្រាក់សំណូកដែលមានតម្លៃ ២៦៥លានដុល្លារ ដើម្បីធានាកិច្ចសន្យាផ្គត់ផ្គង់ថាមពលរបស់ឥណ្ឌា។ ប៉ុន្តែយ៉ាងណាក៏ដោយក្រុមហ៊ុន Adani បានហៅការចោទប្រកាន់នេះថាគ្មានមូលដ្ឋានច្បាស់លាស់។
ការចោទប្រកាន់នេះ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងនៅពេលដែលក្រុមហ៊ុនប្រេងធំបំផុតរបស់បារាំង TotalEnergies បានសម្រេចចិត្តផ្អាកការវិនិយោគបន្ថែមនៅក្នុងក្រុមហ៊ុន Adani Green ផងដែរ។
ជម្រាបជូនផងដែរថា Adani Group កាន់កាប់ទៅលើអាជីវកម្មធំៗជាច្រើន រួមមានថាមពលកកើតឡើងវិញ ធ្យូងថ្ម អាកាសយានដ្ឋាន វិស័យការពារជាតិ លំហអាកាស និងស៊ីម៉ងត៍ ជាដើម។ បើតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថាទ្រព្យសម្បត្តិសរុបរបស់លោក Adani បច្ចុប្បន្នមានចំនួនប្រហែល ៦២,៦ពាន់លានដុល្លារ៕