នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសកូរ៉េខាងត្បូង

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសកូរ៉េខាងត្បូងនោះឡើយ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនបានជួបហេតុការណ៍ធ្លាក់ នៅអាកាសយានដ្ឋានអន្តរជាតិ Muan ដែលបានសម្លាប់មនុស្សអស់ ១៧៩ នាក់ កាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ប៉ូលីសនៅក្នុងខេត្ត South Jeolla ដែលជាកន្លែងធ្លាក់យន្តហោះ បាននិយាយនៅថ្ងៃទី២ ខែមករា ថា ៖”ក្រុមស៊ើបអង្កេតបានដាក់បម្រាមចំពោះការធ្វើដំណើរចេញក្រៅប្រទេស ទៅលើមនុស្សពីរនាក់ ដោយក្នុងនោះរួមទាំងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Jeju Air លោក Kim E-bae ផងដែរ” ។

ជុំវិញសេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង ចំពេលប៉ូលីសកូរ៉េខាងត្បូង បានចូលទៅឆែកឆេរអាកាសយានដ្ឋានអន្តរជាតិ Muan និងការិយាល័យរបស់ក្រុមហ៊ុន Jeju Air ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេលើការធ្លាក់យន្តហោះដឹកអ្នកដំណើរនេះ។ ក្រុមមន្ត្រី​បាន​និយាយទៀត​ថា ដីកា​ឆ្មក់ចូលទៅឆែកឆេរនេះ ​ត្រូវ​បាន​ដាក់ចេញ​ដោយ​ផ្អែក​លើ​ការ​ចោទ​ប្រកាន់​នៃ​ការ​ធ្វេស​ប្រហែស​វិជ្ជាជីវៈ​ដែល​បណ្តាលឲ្យមាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត។

គួររម្លឹកផងដែរថា យន្តហោះប្រភេទ Boeing 737-800 របស់ក្រុមហ៊ុន Jeju Air ​ដែលធ្វើដំណើរពីទីក្រុងបាងកក ជាមួយអ្នកដំណើរសរុប ១៨១ បានធ្លាក់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខណ:ពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Muan ភាគនិរតីប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីយន្តហោះទំនងជាមានបញ្ហាជាមួយឧបករណ៍ចុះចត ហើយបានរអិលធ្លាក់ចេញពីផ្លូវរត់ និងជ្រុលទៅបុកជាមួយរបងព្រលានយន្តហោះ ដែលបង្ករឲ្យមានការផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ការធ្លាក់យន្តហោះនេះ បានសម្លាប់មនុស្សសរុបចំនួន ១៧៩នាក់ និងបន្សល់ទុកតែអ្នកបម្រើការលើយន្តហោះពីរនាក់ប៉ុណ្ណោះដែលនៅរស់។ ក្រុមមន្ត្រីកូរ៉េខាងត្បូងជឿថា ការបរាជ័យនៃឧបករណ៍ចុះចត គឺជាមូលហេតុចម្បងមួយនៃសោកនាដកម្មនេះ៕