ក្រុមហ៊ុន Apple និងផ្តល់ការលក់បញ្ចុះតម្លៃដ៏កម្របំផុតមួយ រហូតដល់ទៅ ៥០០យ៉ន់ (៦៨,៥០ដុល្លារ) ទៅលើម៉ូដែល iPhone ជំនាន់ចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេសចិន ខណ:ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ព្យាយាមការពារចំណែកទីផ្សាររបស់ខ្លួន ចំពេលមានការកើនឡើងនៃការប្រកួតប្រជែងពីសំណាក់គូប្រជែងក្នុងស្រុក ដូចជា Huawei ។ នេះបើតាមកាចុះផ្សាយពីសារព័ត៌មាន CNA។
ការផ្តល់ជូនពិសេសនេះនឹងមានរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ដោយអនុវត្តចំពោះម៉ូដែល iPhone ជាច្រើន។ តួយ៉ាងដូចជាទូរស័ព្ទ iPhone 16 Pro ដែលមានតម្លៃដើម ៧ ៩៩៩យ៉ន់ និង iPhone 16 Pro Max ដែលមានតម្លៃដើម ៩ ៩៩៩យ៉ន់ នឹងមានការបញ្ចុះតម្លៃខ្ពស់បំផុតដល់ ៥០០យ៉ន់ ខណ: iPhone 16 និង iPhone 16 Plus នឹងទទួលបានការបញ្ចុះតម្លៃ ៤០០យ៉ន់។
យ៉ាងណាមិញ ជុំវិញយុទ្ធសាស្រ្តនៃការបញ្ចុះតម្លៃនេះ បានកើតឡើងនៅពេលដែលអ្នកប្រើប្រាស់នៅតែភាពប្រុងប្រយ័ត្នជាមួយនឹងការចំណាយ ចំពេលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ និងសម្ពាធបរិត្តផរណារបស់ប្រទេសចិន។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Apple កំពុងប្រជែងជាមួយនឹងការធ្លាក់ចុះចំណែកទីផ្សារយ៉ាងខ្លាំង នៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ុនស្មាតហ្វូនក្នុងស្រុក។
ជម្រាបជូនថា ក្រុមហ៊ុន Apple បានធ្លាក់ចេញពីតំណែងជាក្រុមហ៊ុនលក់ស្មាតហ្វូនកំពូលទាំង៥ របស់ប្រទេសចិន ក្នុងរយៈពេលខ្លី នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ មុនពេលមានការស្ទុះងើបឡើងវិញនៅត្រីមាសទីបី។ តែទោះជាយ៉ាងណា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនអាមេរិក នៅក្នុងប្រទេសចិន នៅតែធ្លាក់ចុះ ០,៣% ក្នុងអំឡុងពេលត្រីមាសទី៣ បើធៀបនឹងឆ្នាំមុន ខណៈការលក់របស់ក្រុមហ៊ុន Huawei បានកើនឡើងដល់ទៅ ៤២% ។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ IDC ៕