២០២៤ ជាឆ្នាំដ៏ជោគជ័យបំផុតសម្រាប់ក្រុមហ៊ុន BYD ក្រោយការលក់ទទួលបានកំណើនយ៉ាងឆាប់រហ័ស

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីពេលថ្មីៗនេះថា ការលក់រថយន្តអគ្គិសនីរបស់ខ្លួន បានមើលឃើញពីកំណើនយ៉ាងឆាប់រហ័ស នៅក្នុងឆ្នាំ២០២៤ ខណ:ក្រុមហ៊ុនបានបង្កើនវត្តមានរបស់ខ្លួន នៅក្រៅប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងអាគុយខ្នាតយក្សនេះ ត្រូវបានចាត់ទុកជាក្រុមហ៊ុនដែលមានភាពលេចធ្លោជាងគេនៅក្នុងការពង្រីកទីផ្សារ នៅបរទេស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផែនការនេះ ត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយសារជម្លោះពាណិជ្ជកម្ម រវាងទីក្រុងប៉េកាំង និងប្រទេសលោកខាងលិច។

BYD បានលក់រថយន្តអគ្គិសនីរបស់ខ្លួនសរុបចំនួន ៤ ២៧២​១៤៥ គ្រឿងកាលពីឆ្នាំមុន ពោលគឺបានកើនឡើង ៤១,៣% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនលក់សរុប ៣ ០២៤ ៤១៧ គ្រឿង។ នេះបើតាមទិន្នន័យបង្ហាញដោយក្រុមហ៊ុន។

គួរឲ្យដឹងថា នៅក្នុងខែធ្នូតែមួយ ក្រុមហ៊ុន BYD បានលក់រថយន្តសរុបចំនួន៥៧ ១៥៤ គ្រឿងនៅខាងក្រៅប្រទេសចិន ដែលជាការកើនឡើង ៥៨,៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ប៉ុន្តែទន្ទឹមនឹងនេះ ក្រុមហ៊ុន BYD នៅតែលក់រថយន្តរបស់ខ្លួនស្ទើរតែ ៩០% នៅក្នុងទីផ្សារក្នុងស្រុក នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ។ ភាគច្រើននៃការលក់សម្រាប់ឆ្នាំ២០២៤ គឺជាម៉ូដែល plug-in hybrid ដែលមាន ៥៨% នៃចំនួនរថយន្តសរុបត្រូវបានលក់៕