យោងតាមក្រសួងទេសសចរណ៍ និងកីឡារបស់ប្រទេសថៃ បានបង្ហាញឲ្យដឹងថា ប្រទេសរបស់ខ្លួនទទួលបានភ្ញៀវទេសចរបទេសសរុបជាង ៣៥ លាននាក់ ជាមួយនឹងប្រាក់ចំណូលជាង ១,៦ទ្រីលានបាត (៤៦,៤ពាន់លានដុល្លារ) កាលពីឆ្នាំ២០២៤ កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Sorawong Thienthong បាននិយាយកាលពីថ្ងៃពុធថា អ្នកដំណើរសរុបចំនួន ៣៥,៣២ លាននាក់បានមកទស្សនាប្រទេសថៃ ហើយបានចំណាយទឹកប្រាក់សរុបចំនួន ១,៦៦ទ្រីលានបាត គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែធ្នូឆ្នាំមុន។
ក្នុងចំណោមភ្ញៀវទេសចរបរទេសរុប ប្រជាជនចិន ជាប់នៅចំណាត់ថ្នាក់លេខ១ ដែលបានចូលមកលេងកម្សាន្តប្រទេសថៃច្រើនជាងគេ ដោយមានចំនួនសរុប ៦,៧០ លាននាក់ តាមពីក្រោយដោយជនជាតិម៉ាឡេស៊ី ៤,៩៣ លាននាក់ ឥណ្ឌា ២,១២ លាននាក់ កូរ៉េខាងត្បូង ១,៨៦ លាននាក់ និងជនជាតិរុស្ស៊ី ១,៧២ លាននាក់។
រដ្ឋមន្ត្រីរូបនេះ បាននិយាយថា ក្នុងអំឡុងរយ:ពេលដូចគ្នានេះ ប្រជាជនថៃបានធ្វើដំណើរសរុបចំនួន ១៩៧,៥ លានដងក្នុងប្រទេស ហើយបានចំណាយទឹកប្រាក់សរុប ៩៥២,៧ពាន់លានបាត។
ទន្ទឹមនឹងនេះ លោក Sorawong បានបង្ហាញទៀតថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ ភ្ញៀវទេសចរចំនួន ៩៤៣ ២៦៩ នាក់ បានមកទស្សនាប្រទេសរបស់ខ្លួន ហើយអត្រាមកដល់ប្រចាំសប្តាហ៍នេះ គឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរបស់ប្រទេសថៃ គិតចាប់តាំងពីឆ្នាំ២០២០ មក៕