ភ្នំពេញ ជាប់ចំណាត់ថ្នាក់ជាទីក្រុង ដែលចំណាយសមរម្យជាងគេ នាថ្ងៃឆ្លងឆ្នាំ

អន្តរជាតិ

រាជធានីភ្នំពេញ ដែលជាបេះដូងរបស់ប្រទេសកម្ពុជា ថ្មីៗនេះត្រូវបានគេហទំព័រដ៏ល្បីល្បាញខាងកក់សណ្ឋាគារ និងការធ្វើដំណើរ ដែលមានឈ្មោះថា Agoda ដាក់ចំណាត់ថ្នាក់ ថាជាគោលដៅទេសចរណ៍ ដែលមានតម្លៃសមរម្យបំផុត ដោយការកក់កន្លែងស្នាក់នៅគឺមានតម្លៃធូរជាងគេក្នុងតំបន់អាស៊ី នាថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នាពេលកន្លងទៅ។ នេះបើតាមការចុះផ្សាយពី Yahoo Finance ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចាត់ចំណាត់ថ្នាក់ដូច្នេះ Agoda បានផ្អែកទៅលើ ការគណនាទិន្នន័យដែលមាននៅក្នុងគេហទំព័ររបស់ខ្លួន ដោយបន្ទប់ស្នាក់នៅក្នុងទីក្រុងភ្នំពេញ គឺមានតម្លៃជាមធ្យមខ្ទង់ ៦៧ដុល្លារក្នុងមួយយប់ នៅថ្ងៃទី៣១ ខែធ្នូ ពោលជាថ្ងៃចុងក្រោយនៃឆ្នាំ២០២៤ ខណៈទីក្រុងហាណូយរបស់ប្រទេសវៀតណាម មានតម្លៃជាមធ្យម ៧៩ដុល្លារ និងទីក្រុងហ្សាកាតា របស់ប្រទេសឥណ្ឌូនេស៊ី មានតម្លៃជាមធ្យម ៩២ដុល្លារ។

រាជធានីភ្នំពេញ ត្រូវបានចាត់ទុកថា ជាកន្លែងដែលពេញនិយមបំផុតសម្រាប់ប្រជាជនកម្ពុជា ក្នុងឱកាសឆ្លងឆ្នាំសកល ត្បិតមានកន្លែងកំសាន្តជាច្រើនទីតាំង រួមផ្សំភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏ច្រើនហូរហៀរ ត្រៀមឆ្លងឆ្នាំ បាញ់កាំជ្រួច បង្កើតផ្ទាំងទស្សនីយភាពមានពន្លឺស្រស់ត្រកាលពេញផ្ទះមេឃនាពេលរាត្រី។ កាន់តែពិសេសទៀតនោះ នាឱកាសឆ្លងឆ្នាំដែលទើបតែកន្លងផុតទៅថ្មីៗនេះ រដ្ឋាភិបាលក៏បានរៀបចំជាកម្មវិធី «សាទរកម្ពុជា» យ៉ាងអធិកអធម គួបគ្នានឹងការដង្ហែរក្បួនវប្បធម៌ជាច្រើនប្រភេទ ដែលនៅឆ្នាំក្រោយៗទៀត នឹងក្លាយជានុយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗ។

គួរឲ្យដឹងផងថា ដោយសារតែភ្នំពេញជាទីតាំងប្រមូលផ្តុំដោយភ្ញៀវទេសចរមកឆ្លងឆ្នាំផង និងមានកម្មវិធី «សាទរកម្ពុជា» រៀបចំឡើងយ៉ាងអធិកអធមផងនោះ បើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ កម្ពុជាបានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរលេងកម្សាន្តជាង ១,៥លាននាក់សម្រាប់រាជធានីភ្នំពេញ និងជាង ៣,៥លាននាក់ នៅទូទាំងប្រទេស៕