មហាសេដ្ឋីកំពូលៗក្នុងតំបន់អាស៊ាន ៥រូប របូតទ្រព្យសម្បត្តិអស់ជិត ៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤

អន្តរជាតិ

មហាសេដ្ឋីកំពូលៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងប្រាំរូប បានឃើញទ្រព្យសម្បត្តិសរុបរបស់ពួកគេ ធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ពោលគឺខាតបង់សរុបអស់ជិត ៧ពាន់លានដុល្លារ ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ បើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់បុគ្គលទាំង ៥រូបនេះ រួមគ្នាមានចំនួនសរុបប្រមាណ ៨២ពាន់លានដុល្លារ ដោយក្នុងនោះភាគច្រើនរកបានពីអាជីវកម្ម នៅក្នុងវិស័យឧស្សាហកម្ម ទំនិញ ការថែទាំសុខភាព និងថាមពល ជាដើម។

យ៉ា់ងណាមិញ ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីកំពូលៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងប្រាំរូប ដែលបានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះច្រើនជាងគេ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ៖

១. Goh Cheng Liang (ស្ថាបនិកក្រុមហ៊ុន Nippon Paint)

លោក Goh Cheng Liang ជនជាតិសិង្ហបុរី ស្ថិតនៅក្នុងចំណោមមហាសេដ្ឋីដែលមានការខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេបំផុត រហូតដល់ទៅ ១,៦៨ពាន់លានដុល្លារ កាលពីឆ្នាំទៅ។ លោក Goh ជាម្ចាស់ក្រុមហ៊ុនផលិតថ្នាំលាបដ៏ធំបំផុតរបស់អាស៊ី Nippon Paint ឥឡូវនេះមានទ្រព្យសម្បត្តិសរុបជិត ១០ពាន់លានដុល្លារ។

មហាសេដ្ឋីវ័យ ៩៧ឆ្នាំរូបនេះ បច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី២៧៤ ក្នុងចំណោមបុគ្គលដែលមានដាច់គេបំផុតចំនួន ៥០០​ នាក់ របស់ពិភពលោក។ ទ្រព្យសម្បត្តិភាគច្រើនរបស់ Goh គឺបានមកពីការកាន់កាប់ភាគហ៊ុនចំនួន ៥៥% នៅក្នុងក្រុមហ៊ុន Nippon Paint ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន និងមានប្រតិបត្តិការក្នុងប្រទេសចំនួន ៤៥។

២. Sukanto Tanoto (ស្ថាបនិកក្រុមហ៊ុន Royal Golden Eagle)

លោក Sukanto Tanoto ជាជនជាតិឥណ្ឌូណេស៊ី បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួន ធ្លាក់ចុះ ១,៦៨ពាន់លានដុល្លារផងដែរ នៅឆ្នាំ២០២៤។ បុរសវ័យ ៧៥ឆ្នាំរូបនេះ គឺជាស្ថាបនិកនៃក្រុមហ៊ុនផលិតកម្ម Royal Golden Eagle ​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ ដែលរកស៊ីលើផលិត​ផល​ឈើ ប្រេង​ដូង ក្រដាស វាយនភណ្ឌ ពាណិជ្ជកម្ម និង​អាជីវកម្ម​ថាមពល។

ទ្រព្យសម្បត្តិរបស់លោក Tanoto បច្ចុប្បន្នមានចំនួនសរុបប្រមាណ ២០,៥ ពាន់លានដុល្លារដែលធ្វើឲ្យលោកក្លាយជាអ្នកមានបំផុតទី១០១ នៅលើពិភពលោក។

៣. Li Xiting (ប្រធានក្រុមហ៊ុន Shenzhen Mindray Bio-Medical Electronics)

មហាសដ្ឋីសិង្ហបុរី លោក Li Xiting ក៏បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះ ១,៣៦ពាន់លានដុល្លារផងដែរ នៅឆ្នាំចាស់ផុតទៅ។ លោក គឺជាប្រធាន​ក្រុមហ៊ុន​ផលិត​ឧបករណ៍​វេជ្ជសាស្ត្រ​ Shenzhen Mindray Bio-Medical Electronics មានមូលដ្ឋាននៅប្រទេសចិន ខណ:បច្ចុប្បន្នទ្រព្យ​សម្បត្តិសរុបរបស់លោកមានចំនួនប្រមាណ ១៤,៣ពាន់​លាន​ដុល្លារ និងជាប់ចំណាត់ថ្នាក់​ទី១៥៩ នៅ​ទូទាំង​ពិភពលោក។

៤. Prajogo Pangestu (ស្ថាបនិកក្រុមហ៊ុន Barito Pacific)

ទ្រព្យសម្បត្តិសរុបរបស់លោក Prajogo Pangestu មហាសេដ្ឋីលំដាប់កំពូលរបស់ប្រទេសឥណ្ឌូណេស៊ី បានធ្លាក់ចុះអស់ប្រមាណ ១,៣១ពាន់លានដុល្លារនៅឆ្នាំ២០២៤។ បុរសវ័យ ៨០ឆ្នាំរូបនេះ គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Barito Pacific ដែលជាក្រុមហ៊ុនគីមីឥន្ធនៈដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

ឥឡូវនេះ លោក Pangestu មានទ្រព្យសម្បត្តិសរុបចំនួន ២៩,៧ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាបុគ្គលមានបំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងជាប់លេខរៀងទី៥៩ នៅលើពិភពលោក។

៥. Michael Hartono (សហស្ថាបនិកក្រុមហ៊ុន Djarum Group)



នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ទ្រព្យសម្បត្តិសរុបរបស់លោក Michael Hartono បានធ្លាក់ចុះអស់ប្រហែល ៨០០លានដុល្លារ។ មហាសេដ្ឋីឥណ្ឌូណេស៊ី ដែលជាសហម្ចាស់​ក្រុមហ៊ុន Djarum Group រូបនេះ បច្ចុប្បន្នជាប់​ចំណាត់ថ្នាក់​ទី៩៨ ក្នុងនាមជាបុគ្គលមានដាច់គេលើពិភពលោក ​ជាមួយនឹង​ទ្រព្យសម្បត្តិសរុបចំនួន ២១ពាន់​លាន​ដុល្លារ៕