តាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញនូវគម្រោងស្ថាបត្យកម្មដ៏មានឥទ្ធិពលចំនួន ១១គម្រោង ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៥នេះ ដោយក្នុងចំណោមនោះ អាកាសយានដ្ឋាអន្តរជាតិតេជោ ប្រភេទ 4F របស់កម្ពុជា ក៏បានជាប់នៅក្នុងបញ្ជីមួយនេះផងដែរ។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះធំ អាចស្រូបទាញការហោះហើរឆ្លងទ្វីប និងអាចទទួលប្រភេទយន្តហោះធុនយក្សមកចុះចតបាន។ ព្រលានយន្តហោះខ្នាតធំមិនធ្លាប់មាននៅកម្ពុជានេះ សាងសង់ឡើងលើផ្ទៃដីសរុប ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល ខណៈគ្រាន់តែថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺមានតម្លៃ ១៥០០លានដុល្លារ មិនរាប់បញ្ចូលដីព្រលានយន្តហោះ។
គួរឲ្យដឹងផងថា ក្រៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ របស់កម្ពុជា, ស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ចំនួន ១០ផ្សេងទៀត រួមមាន៖ New Sydney Fish Market នៅក្រុង Sydney របស់អូស្ត្រាលី, Grand Ring នៅក្រុង Osaka របស់ជប៉ុន, Life and Mind Building នៅក្រុង Oxford របស់ចក្រភពអង់គ្លេស, Canadian School នៅក្រុង Cholula របស់ម៉ិចស៉ិច, South Station redevelopment នៅក្រុង Boston របស់សហរដ្ឋអាមេរិក, Goethe-Institut នៅក្រុង Dakar របស់សេណេហ្កាល់, Urban Glen នៅក្រុង Hangzhou របស់ចិន, Riyadh Metro នៅក្រុង Riyadh របស់អារ៉ាប៊ីសាអូឌីត, Skypark Business Center នៅក្រុង Luxembourg របស់លុច្សសំបួរ និង Danjiang Bridge ក្រុង Taipei របស់ចិន-តៃវ៉ាន់៕