រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ត្រូវបានគេរាយការណ៍ថា គ្រោងនឹងធ្វើដំណើរមកបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍នេះ ខណ:ពេលដែលប្រទេសនៅក្នុងតំបន់អាស៊ីមួយនេះ កំពុងឆ្លងកាត់នូវវិបត្តិនយោបាយដ៏តានតឹង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានបង្ហាញឲ្យដឹងថា ប្រមុខការទូតអាមេរិក លោក Blinken នឹងមកធ្វើដំណើរទស្សនកិច្ច ក៏ដូចជាជួបជាមួយភាគីកូរ៉េខាងត្បូង គឺរដ្ឋមន្ត្រីការបរទេស លោក Cho Tae-yul នៅថ្ងៃទី៦ ខែមករានេះ។ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការរឹតបន្តឹងសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយជប៉ុន ក៏ដូចជាបញ្ហានៅកូរ៉េខាងជើង និងបញ្ហាប្រឈមផ្សេងៗក្នុងតំបន់ និងពិភពលោក ផងដែរ។
យ៉ាងណាមិញ ជុំវិញដំណើរទស្សនកិច្ចរបស់លោក Blinken នេះ ត្រូវបានធ្វើឡើងស្របពេលដែលកូរ៉េខាងត្បូង កំពុងស្ថិតក្នុងវិបត្តិនយោបាយដ៏តានតឹងមួយ បន្ទាប់ពីប្រធានាធិបតី លោក Yoon Suk-yeol បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកកាលពីខែមុន។
គួរឲ្យដឹងថា លោក Yoon បច្ចុប្បន្នកំពុងស្ថិតក្រោមដីកាចាប់ខ្លួនដោយតុលាការក្រុងសេអ៊ូលខាងលិច ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី៦ ខែមករា ពោលគឺនៅចំថ្ងៃតែមួយដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនឹងត្រូវធ្វើដំណើរទស្សនកិច្ច។
ជម្រាបជូនផងដែរថា លោក Yoon បច្ចុប្បន្ននៅតែជាប្រធានាធិបតីដែលកំពុងកាន់អំណាច ប៉ុន្តែត្រូវបានព្យួរពីតំណែងដោយរង់ចាំការសម្រេចចុងក្រោយរបស់តុលាការធម្មនុញ្ញជុំវិញការចោទកាន់ប្រកាន់នេះ ខណ:រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី និងកាន់តំណែងជានាយករដ្ឋមន្ត្រី ផងដែរ៕