នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ លោកស្រី Paetongtarn Shinawatra កាលពីសប្តាហ៍មុន បានប្រកាសថាលោកស្រីមានទ្រព្យសម្បត្តិសរុបដល់ទៅជាង ៤០០លានដុល្លារ ដោយក្នុងនោះរួមមានទាំងកាបូបដៃជាង ២០០ មានតម្លៃសរុបជាង ២លានដុល្លារ និងនាឡិកាដៃប្រណីតៗយ៉ាងហោចណាស់ ៧៥ គ្រឿងដែលមានតម្លៃជិត ៥លានដុល្លារផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS News។
លោកស្រី Paetongtarn គឺជាកូនស្រីពៅរបស់មហាសេដ្ឋីទូរគមនាគមន៍ និងអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា។ លោកស្រីបានឡើងកាន់តំណែងជានាយរដ្ឋមន្ត្រីកាលពីខែកញ្ញា ក្នុងនាមជាមេដឹកនាំវ័យក្មេងជាងគេបំផុតរបស់ប្រទេសថៃ ពោលគឺនៅពេលលោកស្រីចូលកាន់តំណែងក្នុងវ័យ ៣៧ឆ្នាំ។
គួរឲ្យដឹងផងដែរថា លោកស្រី Paetongtarn មានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ទៅកាន់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC)។
ទន្ទឹមនឹងនេះ យោងតាមឯកសារមួយដែលបានបង្ហោះលើបណ្តាញសារព័ត៌មាន បានបង្ហាញឲ្យដឹងថា លោកស្រីមានទ្រព្យសម្បត្តិសរុបដល់ទៅ ១៣,៨ពាន់លានបាត (ឬស្មើនឹងជាង ៤០០ លានដុល្លារអាមេរិក)។
តាមការប្រកាសរបស់លោកស្រីបង្ហាញថា ក្នុងចំណោមទ្រព្យសម្បត្តិសរុបទាំងនោះ លោកស្រីមានទុនវិនិយោគតម្លៃប្រមាណ ១១ពាន់លានបាត រួមទាំងមានប្រាក់បញ្ញើ និងសាច់ប្រាក់ផ្សេងទៀតចំនួន ១ពាន់លានបាតផងដែរ។
ទ្រព្យសម្បត្តិផ្សេងទៀតរបស់លោកស្រី រួមមាននាឡិកាដៃប្រណីតចំនួន ៧៥ គ្រឿងដែលមានតម្លៃ ១៦២លានបាត រួមទាំងកាបូបចំនួន ២១៧ ដែលមានតម្លៃសរុប ៧៦លានបាត ព្រមទាំងអចលនទ្រព្យនៅទីក្រុងឡុងដ៍ និងនៅក្នុងប្រទេសជប៉ុន ក្នុងចំណោមទ្រព្យសម្បត្តិផ្សេងទៀត។
មិនតែប៉ុណ្ណោះ លោកស្រី Paetongtarn ក៏បានប្រកាសមានបំណុលជិត ៥ពាន់លានបាតផងដែរ ដែលធ្វើឲ្យលោកស្រីបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបពិតប្រាកដត្រឹមតែ ៨,៩ពាន់លានបាត ឬស្មើនឹង ២៥៨លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមឯករបស់ NACC ដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕