ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលរបស់សហរដ្ឋអាមេរិក Tesla បាននិយាយកាលពីពេលថ្មីៗនេះថា ការលក់រថយន្តរបស់ខ្លួននៅក្នុងប្រទេសចិន បានកើនឡើង ៨,៨% ដល់កម្រិតខ្ពស់បំផុតក្នុងចំនួនសរុប ៦៥៧ ០០០ គ្រឿងក្នុងឆ្នាំ២០២៤ កន្លងទៅ ខណ:ការចែកចាយរថយន្តនៅទូទាំងពិភពលោកប្រចាំឆ្នាំរបស់ខ្លួនបានធ្លាក់ចុះជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ក៏បានកើនឡើង ១២,៨% ផងដែរនៅក្នុងខែធ្នូ បើធៀបទៅនឹងខែវិច្ឆិកា ដែលឈានដល់ចំនួនកំណត់ត្រាខ្ពស់បំផុត ៨៣ ០០០ គ្រឿង។ នេះបើយោងតាមទិន្នន័យទទួលបានពីក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិន ។
នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានចែកចាយរថយន្ត ៣៦,៧% នៃរថយន្តសរុបរបស់ខ្លួន ដល់អតិថិជននៅក្នុងប្រទេសចិន ដែលជាទីផ្សារធំទីពីររបស់ក្រុមហ៊ុន ដោយផ្អែកលើតួលេខនៃការលក់។
ប៉ុន្តែទោះជាយ៉ាងណា ការចែកចាយជាសកលរបស់ Tesla នៅតែធ្លាក់ចុះ ១,១% ពោលគឺមិនដូចទៅនឹងការព្យាករអំពីកំណើនតិចតួច កាលពីពេលមុនរបស់នាយកប្រតិបត្តិ លោក Elon Musk នោះឡើយ។
ជម្រាបជូនផងដែរថា ការកាត់បន្ថយការឧបត្ថម្ភធននៅអឺរ៉ុប ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិកជុំវិញការឆ្ពោះទៅរកការប្រើប្រាស់រថយន្តកូនកាត់តម្លៃទាប និងការប្រកួតប្រជែងជាសាកលកាន់តែតឹងតែង ជាពិសេសពីសំណាក់ក្រុមហ៊ុន BYD របស់ប្រទេសចិន ត្រូវបានចាត់ទុកថាជាមូលហេតុចម្បងនៃការធ្លាក់ចុះនេះ៕