ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បានប្រកាសកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់ខ្លួន កំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចាក់បញ្ចូលទឹកប្រាក់ប្រហែល ៨០ពាន់លានដុល្លារ ទៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងឆ្នាំសារពើពន្ធ ២០២៥ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
លោក Smith បានអះអាងថា AI ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរគ្រប់ទិដ្ឋភាពនៃជីវិត ហើយវាជាការចាំបាច់ដែលសហរដ្ឋអាមេរិកគួរតែក្លាយជាអ្នកដឹកនាំរបស់ពិភពលោកនៅពេលនិយាយអំពីបច្ចេកវិទ្យានេះ។
មិនតែប៉ុណ្ណោះ លោក Smith បាននិយាយនៅលើបណ្តាញសង្គមថា៖ “តាមវិធីជាច្រើន បញ្ញាសិប្បនិមិត្ត គឺជាថាមពលនៃយុគសម័យរបស់យើង ហើយរយៈពេល ៤ឆ្នាំខាងមុខ វានឹងអាចបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់អាមេរិក សម្រាប់សតវត្សបន្ទាប់។ សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈរនៅជួរមុខគេនៃបច្ចេកវិទ្យាថ្មីនេះ “។
ទន្ទឹមនឹងនេះ លោក Smith ក៏បានអំពាវនាវឲ្យប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ និងសភា ពង្រីកការគាំទ្របន្ថែមទៀតសម្រាប់ការច្នៃប្រឌិត AI ជាមួយនឹងការផ្លាស់ប្តូរដូចជាការបង្កើនមូលនិធិសម្រាប់ការស្រាវជ្រាវនៅសាកលវិទ្យាល័យ និងមូលនិធិវិទ្យាសាស្ត្រជាតិ ជាដើម។
យោងតាមលោក Smith បានឲ្យដឹងទៀតថា ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងប្រកួតប្រជែងដើម្បីផ្សព្វផ្សាយប្រព័ន្ធ AI របស់ពួកគេទៅកាន់ប្រទេសផ្សេងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយ AI នេះឲ្យទៅជាបច្ចេកវិទ្យាស្តង់ដារជាក់ស្តែង។
សម្រាប់ផ្នែកមួយនៃផែនការ ក្រុមហ៊ុន Microsoft កំពុងបោះជំហានក្នុងការវិនិយោគទឹកប្រាក់ប្រហែល ៨០ពាន់លានដុល្លារនៅឆ្នាំនេះ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ AI បណ្តុះបណ្តាលគំរូ AI និងដាក់ពង្រាយកម្មវិធីដែលមានមូលដ្ឋាននៅលើ Cloud ជុំវិញពិភពលោក។ នេះបើយោងតាមការបញ្ជាក់បន្ថែមពីលោក Smith ។
ជម្រាបជូនផងដែរថា ទាំង Amazon, Google និង OpenAI ដែលជាគូប្រជែងរបស់ក្រុមហ៊ុន Microsoft ក៏បានចំណាយប្រាក់រាប់ពាន់លានដុល្លារលើបច្ចេកវិទ្យា AI នេះផងដែរ បើទោះបីជាវានៅតែមិនទាន់ដឹងច្បាស់អំពីរបៀប និងពេលណាដែលពួកគេរំពឹងថានឹងអាចទទួលបានប្រាក់ចំណេញពីការវិនិយោគទាំងនោះវិញក៏ដោយ៕