ឥណ្ឌូណេស៊ី​ ដាក់គោលដៅបញ្ចប់​ការ​នាំ​ចូល​ប្រេង​ម៉ាស៊ូតទាំងស្រុង នៅ​ត្រឹម​ឆ្នាំ២០២៦

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក Bahlil Lahadalia បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងរៀបចំអនុវត្តកម្មវិធី ៥០% Biodiesel (B50) ជាកាតព្វកិច្ចចម្បង នៅឆ្នាំ២០២៦ ខាងមុខ ដើម្បីឈានដល់ការបញ្ឈប់ការនាំចូលប្រេងម៉ាស៊ូតទាំងស្រុង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរថាមពល រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងចាប់ផ្តើមអនុវត្តកម្មវិធី B40 ជាកាតព្វកិច្ចចម្បងនៅឆ្នាំនេះ មុនពេលបន្តរៀបចំកម្មវិធី B50 នៅឆ្នាំក្រោយ។ លោក Bahlil បានសង្កត់ធ្ងន់ទៀតថា កម្មវិធី B50 គឺស្របតាមការណែនាំរបស់ប្រធានាធិបតី លោក Prabowo Subianto ដើម្បីសម្រេចបាននូវសន្តិសុខថាមពលជាតិ។

ការ​អនុវត្តកម្មវិធី B50 ត្រូវបានគេរំពឹងទុកថានឹង​បង្កើន​ទុនបម្រុង​ថាមពល​របស់​ឥណ្ឌូណេស៊ី និង​គាំទ្រ​ដល់​គោលដៅ​បង្កើន​សមត្ថភាព​របស់ខ្លួន​ក្នុងការ​បំពេញតម្រូវការ​ថាមពល​ក្នុងស្រុក និង​កាត់បន្ថយ​ការ​នាំចូល។

ជម្រាបជូនផងដែរថា B40 គឺជាកម្មវិធីផលិតថាមពល ដោយផ្សំចេញពីល្បាយនៃប្រេងម៉ាស៊ូត ៦០% និងជីវឥន្ធនៈ ៤០% ដែលផលិតចេញពីប្រេងដូង។

ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីអនុរដ្ឋមន្ត្រីក្រសួងវិនិយោគថ្មី លោក Yuliot Tanjung បានបញ្ជាក់បន្ថែមថា គោលនយោបាយនៃការប្រើប្រាស់ចំហេះ B40 ជាកាតព្វកិច្ច នឹងត្រូវបានអនុវត្តយ៉ាងពេញលេញ នៅក្នុងខែកុម្ភៈឆ្នាំនេះ។ លោកបានបន្ថែមថា ដំណាក់កាលដំបូងនៃកម្មវិធី B40 ត្រូវបានគេរំពឹងថានឹងផលិតបាន ១៥,៦ លានគីឡូលីត្រនៃប្រេងជីវសាស្រ្ត (Biodiesel) ដោយការផលិតនឹងនៅតែបន្តជាដំណាក់កាល ក្នុងរយ:ពេលពេញមួយឆ្នាំ៕