យោងតាមការចុះផ្សាយពីកាសែតអង់គ្លេស Weekend Sport បានរាយការណ៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk កំពុងពិចារណាក្នុងការទិញយកក្លិបបាល់ទាត់ហង្សក្រហម Liverpool ក្នុងតម្លៃ ៦ពាន់លានផោន ឬស្មើនឹងជាង ៧,៤ពាន់លានដុល្លារអាមេរិក។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា លោក Musk ការពិចារណាទិញយកក្លិបបាល់ទាត់កំពូលនៅចក្រភពអង់គ្លេសនេះ អាចនឹងផ្តល់ឱកាសដ៏ល្អសម្រាប់ម្ចាស់ក្រុមហ៊ុនបណ្តាញសង្គម “X”, “Tesla” និង “Space X” ដើម្បីបង្កើនឥទ្ធិពល ក៏ដូចជាការពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងទឹកដីទ្វីបអឺរ៉ុប។
ទោះបីជាព័ត៌មាននេះនៅមិនទាន់ច្បាស់ការក៏ដោយ ប៉ុន្តែកន្លងមកមហាសេដ្ឋីជនជាតិអាមេរិក និងជាម្ចាស់ក្លិប Liverpool បច្ចុប្បន្ន គឺលោក John W. Henry កំពុងស្ថិតក្នុងដំណើរការលក់ក្លិបស្រាប់ ហើយលោកក៏ប្រហែលជាមិនបន្តនៅក្នុងតំណែងជាអ្នកគ្រប់គ្រងរបស់ក្លិបម្ចាស់ដី Anfield ក្នុងរយៈពេលវែងទៀតនោះឡើយ។
យ៉ាងណាមិញ ជុំវិញរបាយការណ៍នេះ ហាក់ទទួលបានប្រតិកម្មខុសប្លែកគ្នា ដោយអ្នកគាំទ្រខ្លះបានសម្តែងការមិនពេញចិត្តរបស់ពួកគេ ខណៈអ្នកផ្សេងទៀតចាត់ទុកថាវាជាឱកាសដ៏ល្អបំផុតមួយ សម្រាប់ការចាកចេញរបស់លោក John W. Henry និងទទួលយកការវិនិយោគថ្មីដ៏ល្អសម្រាប់ក្លិប ជាពិសេសបើសិនមានការទិញយកពីសំណាក់បុគ្គលមានទ្រព្យសម្បត្តិច្រើនដាច់គេលើពិភពលោកដូចជាលោក Musk នោះ៕