BRICS ពង្រីកខ្លួនធំទៅៗ! ឥឡូវមានទំហំសេដ្ឋកិច្ច៤១% និងមានប្រជាជនស្មើរពាក់កណ្តាលនៃប្រជាជនទាំងអស់លើពិភពលោក

អន្តរជាតិ

BRICS ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន បានបង្កើតឡើងដំបូងនៅអំឡុងឆ្នាំ២០០៩ ដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ហើយក្រោយមកទៀត ក៏លេចវត្តមានអាហ្វ្រិកខាងត្បូង មកចូលរួមជាមួយក្រុមនេះ នៅឆ្នាំ២០១០ដែរ។ កាលពីកិច្ចប្រជុំកំពូលឆ្នាំ២០២៣ នៅទីក្រុង Johannesburg ក្រុម BRICS បានពង្រីកម្តងទៀត ដោយអញ្ជើញប្រទេស ៥ផ្សេងទៀត រួមមាន អាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម មកចូលរួមដែរ។ យ៉ាងណា អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម បានទទួលយកការអញ្ជើញនេះ ហើយក្លាយជាសមាជិកផ្លូវការនៅខែមករា ឆ្នាំ២០២៤ ដោយឡែកអារ៉ាប៊ីសាអូឌីត នៅតែមិនទាន់ធ្វើការសម្រេចចិត្តផ្លូវការនោះទេមកទល់ពេលបច្ចុប្បន្ន ស្របពេលអាហ្សង់ទីន ដំបូងថាចូលរួម តែក្រោយមកបដិសេធទៅវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយពីសមាជិកថ្មីទាំង ៤នោះបានចូលរួមជាមួយខ្លួន មិនចប់ត្រឹមនេះ BRICS បានស្វាគមន៍ជាផ្លូវការនូវប្រទេសថ្មីចំនួន៩ ផ្សេងទៀតជាដៃគូ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ រួមមាន បេឡារុស្ស បូលីវី គុយបា ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន ម៉ាឡេស៊ី ថៃ អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន។

ប្រទេសទាំង២០ នៅលើពិភពលោក ដែលមានប្រជាជនច្រើនជាងគេ ក្នុងនោះមានប្រទេសចំនួន៩ ទៅហើយដែលជាសមាជិករបស់ BRICS ។ ដោយ ៩ប្រទេសរបស់ BRICS គឺមានប្រជាជនសរុបប្រហែល ៤ពាន់លាននាក់ ឬប្រហែលទៅនឹងពាក់កណ្តាលនៃចំនួនប្រជាជនទាំងអស់នៅលើពិភពលោក។ ក្នុងនោះ ឥណ្ឌាគឺជាប្រទេសមានប្រជាជនច្រើនជាងគេនៅលើពិភពលោក តាមពីក្រោយដោយប្រទេសចិន ដែលឈរនៅលេខពីរ ខណៈប្រទេសទាំងពីរនេះ នីមួយៗយ៉ាងហោចណាស់ក៏មានប្រជាជនលើសពី ១,៤ពាន់លាននាក់នាពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត ប្រជាជនឥណ្ឌូនេស៊ីដែលមានប្រជាជនច្រើនជាង ២៧០លាននាក់ បានកាន់តំណែងលេខ៤ ខណៈប្រេស៊ីលនៅលេខរៀងទី៧ តាមពីក្រោយដោយរុស្ស៊ីនៅលេខរៀងទី៩ ឯអេត្យូពីនៅលេខរៀងទី១០ អេហ្ស៊ីបលេខរៀងទី១៤ អ៊ីរ៉ង់លេខរៀងទី១៧ ខណៈថៃស្ថិតនៅលេខរៀងទី២០ នៅលើពិភពលោក។

ជាការកត់សំគាល់ បើបូកសរុបបញ្ចូលរួមគ្នា សមាជិករបស់ក្រុម BRICS ទាំង ៩ប្រទេស និងដៃគូចំនួន ៩ទៀត បានមើលឃើញពីទំហំសេដ្ឋកិច្ចរបស់ក្រុមនេះ គឺធំជាង៤១% នៃ GDP សកលទៅទៀត ខណៈបើតាមទិន្នន័យរបស់ IMF វាស់ស្ទង់នៅអំឡុងខែតុលា ឆ្នាំ២០២៤ បានបង្ហាញឲ្យដឹងថា បើរាប់តែសមាជិក BRICS ដើមដែលមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង គឺមាន៣៣,៧៦% នៃ GDP របស់ពិភពលោក នោះមានន័យថា​ ក្រុមនេះមានសេដ្ឋកិច្ចធំជាង G7 ដែលមានត្រឹមតែ២៩,០៨% ប៉ុណ្ណោះនៃ GDP របស់ពិភពលោក។

គួរឲ្យដឹងថា សមាជិក ឬក៏ដៃគូនៅក្នុងក្រុម BRICS ភាគច្រើនសុទ្ធតែប្រទេសធំៗ មហាអំណាច តួយ៉ាងមានរុស្ស៊ី មានឥណ្ឌា និងមានចិនជាដើម។ ជាក់ស្តែង ប្រទេសចិន មានកំណើនសេដ្ឋកិច្ចដ៏ធំសម្បើម ដែលបានក្លាយជាមហាអំណាចឧស្សាហកម្មតែមួយគត់របស់ពិភពលោក មានទំហំ៣៥% ឯណោះនៃផលិតកម្មសរុបរបស់សកល៕