នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីដើមសប្តាហ៍នេះ បាននិយាយថា លោកនឹងចុះចេញពីដំណែងនៅប៉ុន្មានខែខាងមុខ បន្ទាប់ពីកាន់អំណាចអស់រយៈពេល ៩ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក Trudeau ដែលត្រូវបានចាត់ទុកថាជាមេដឹកនាំមួយ ក្នុងចំណោមមេដឹកនាំដ៏លេចធ្លោបំផុតផ្សេងទៀតក្នុងពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា លោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រី រហូតដល់គណបក្សសេរីនិយមដែលកំពុងកាន់អំណាចជ្រើសរើសបានមេដឹកនាំថ្មី ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
យ៉ាងណាមិញ ជុំវិញការប្រកាសលាលែងចេញពីតំណែងនេះ បានកើតឡើង ចំពេលកំពុងមានមានសម្ពាធផ្ទៃក្នុងរបស់បក្សសេរីនិយម ដែលត្រូវបានគេរំពឹងថាអាចនឹងត្រូវចាញ់ក្នុងការបោះឆ្នោតនាពេលខាងមុខ បន្ទាប់ពីទទួលបានការមិនពេញចិត្តពីសំណាក់ប្រជាជន ជុំវិញការកើនឡើងខ្ពស់នៃតម្លៃផ្ទះ និងទំនិញប្រើប្រាស់ផ្សេងៗ។
មិនតែប៉ុណ្ណោះ លោក Trudeau បាននិយាយថា ៖”ប្រទេសនេះ ស័ក្តិសមនឹងទទួលបានជម្រើសពិតប្រាកដមួយនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ហើយវាច្បាស់ថា ប្រសិនបើខ្ញុំត្រូវប្រយុទ្ធជាមួយសមរភូមិនៃទំនាស់ផ្ទៃក្នុងបក្ស នោះខ្ញុំមិនអាចជាជម្រើសដ៏ល្អបំផុតនៅក្នុងការបោះឆ្នោតនោះឡើយ” ។ មេដឹកនាំរូបនេះ ក៏បានប្រកាសផងដែរថា រដ្ឋសភា នឹងផ្អាកកិច្ចប្រជុំរហូតដល់ថ្ងៃទី២៤ ខែមីនា។
ជម្រាបជូនថា លោក Trudeau បច្ចុប្បន្នវ័យ ៥៣ឆ្នាំ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងធំធេង ស្របពេលលោកក៏ជាមេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតរបស់ប្រទេសកាណាដា ផងដែរ និងបានឈ្នះការសរសើរពីការរីកចម្រើនសម្រាប់ការផ្តោតលើគោលនយោបាយសមភាពយេនឌ័រ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រជាប្រិយភាពរបស់លោក Trudeau បានចាប់ផ្តើមធ្លាក់ចុះខ្លាំង ក្នុងរយ:ពេល ២ឆ្នាំចុងក្រោយ ដោយសារតម្លៃគ្រឿងទេស និងផ្ទះសម្បែងចេះតែបន្តកើនឡើងខ្ពស់ទៅៗ ក្នុងកំឡុងពេលក្រោយវិបត្តិកូវីដ-១៩៕