លោក ត្រាំ ថា កាណាដាគួរតែចូលជារដ្ឋទី៥១ របស់អាមេរិក បើសិនចង់គេចផុតពីការដាក់ពន្ធ

អន្តរជាតិ

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយសារជាថ្មីម្តងទៀតថា ប្រទេសកាណាដា គួរតែក្លាយជា “រដ្ឋទី៥១” របស់អាមេរិក បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសលាលែងចេញពីតំណែងរយៈពេល ៩ឆ្នាំរបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Euro News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតនូវចេតនារបស់សហរដ្ឋអាមេរិកដែលគួរតែយកទឹកដី Greenland និងប្រទេសកាណាដា មកគ្រប់គ្រង ពោលគឺនៅត្រឹមតែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំកាន់ឆ្នាំរបស់កាណាដា លោក Trudeau បានប្រកាសលាលែងពីតំណែង។

គួរឲ្យដឹងផងដែរថា លោក Trudeau បានប្រកាសលាលែងចេញពីតំណែងកាលពីថ្ងៃចន្ទ ដោយលើកឡើងពីទំនាស់ផ្ទៃក្នុងនៅក្នុងបក្សកាន់អំណាចរបស់ខ្លួន និងរដ្ឋាភិបាលដែលគ្មានផលិតភាព។ មេដឹកនាំរូបនេះ ក៏បាននិយាយទៀតថា ប្រទេសរបស់ខ្លួន ស័ក្តិសមនឹងទទួលបានជម្រើសមេដឹកនាំថ្មីពិតប្រាកដមួយ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។

ជាការឆ្លើយតបទៅនឹងការចុះចេញពីតំណែងនេះ លោក ត្រាំ បានបង្ហោះសារមួយនៅលើវេទិកាបណ្តាញសង្គម Truth Social របស់ខ្លួនថា ប្រសិនបើកាណាដា ត្រូវបានដាក់បញ្ចូលជារដ្ឋមួយរបស់សហរដ្ឋអាមេរិកនោះ ពួកគេនឹងចាំបាច់ត្រូវបង់ពន្ធនោះឡើយ ហើយពន្ធនឹងធ្លាក់ចុះ ដូច្នេះពួកគេនឹងមានសុវត្ថិភាពទាំងស្រុង ពីការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ី និងចិន។

ជម្រាបជូនថា វាមិនមែនជាលើកទីមួយទេ ដែលលោក ត្រាំ បានបង្ហាញពីចេតនាក្នុងកាដាក់ប្រទេសកាណាដា ឲ្យក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក។ ដោយកាលពីក្នុងខែធ្នូ មេដឹកនាំអាមេរិករូបនេះ បានអះអាងថា ប្រជាជនកាណាដាជាច្រើន ក៏ចង់ឃើញប្រទេសរបស់ពួកគេ រួមបញ្ចូលគ្នាជាមួយសហរដ្ឋអាមេរិក ផងដែរ៕

ទន្ទឹមនឹងនេះ ក្រុមអ្នករិះគន់ បាននិយាយថា ការលាលែងពីតំណែងរបស់លោក Trudeau នៅពេលនេះគឺមិនត្រឹមត្រូវនោះទេ ព្រោះវាកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេល លោក ត្រាំំ នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ។ កន្លងមកលោក ត្រាំ បានគំរាមដាក់ពន្ធ ២៥% លើទំនិញរបស់កាណាដា នៅថ្ងៃដំបូងដែលលោកកាន់អំណាច៕