រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះថា ប្រទេសឥណ្ឌូណេស៊ី បានចូលរួមជាផ្លូវការជាមួយ BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ ដោយពង្រីកបន្ថែមទៀតនូវក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ រួមមានរុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ក្រសួងការបរទេសឥណ្ឌូណេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៧ ខែមករាថា ខ្លួនស្វាគមន៍ចំពោះសេចក្តីប្រកាសនេះ ហើយថែមទាំងបាននិយាយទៀតថា សមាជិកភាពនៃក្រុម BRICS នេះ គឺជាមធ្យោបាយយុទ្ធសាស្ត្រដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត។
ឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទីបួនរបស់ពិភពលោក ធ្លាប់បានបង្ហាញពីបំណងចង់ចូលរួមជាមួយក្រុមនេះអស់រយ:ពេលជាយូរមកហើយ ក្នុងគោលបំណងពង្រឹងសម្ព័ន្ធមិត្តជាមួយប្រទេសកំពុងរីកចម្រើន និងបន្តផលប្រយោជន៍នៃអ្វីដែលហៅថា Global South ។
គួរឲ្យដឹងផងដែរថា ប្រេស៊ីលដែលនឹងត្រូវកាន់តំណែងជាប្រធានរបស់កិច្ចប្រជុំកំពូល BRICS នៅឆ្នា២០២៥ នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋជាសមាជិក បានអនុម័តការចូលរួមរបស់ឥណ្ឌូណេស៊ី ដោយការឯកភាពជាផ្នែកមួយនៃការពង្រីកសមាជិកភាពដែលត្រូវបានអនុម័តដំបូង កាលពីអំឡុងកិច្ចប្រជុំកំពូល BRICS ឆ្នាំ២០២៣ នៅឯទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។
យោងតាមប្រទេសប្រេស៊ីល សំណើរបស់ឥណ្ឌូណេស៊ី ទទួលបានភ្លើងខៀវពី BRICS តាំងពីក្នុងឆ្នាំ២០២៣ មកម្លេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានស្នើសុំឲ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសិន មុនពេលទទួលបានការអនុម័តឲ្យក្លាយជាសមាជិកថ្មីជាផ្លូវការ។ ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី លោក Prabowo Subianto បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។
ជម្រាបជូនផងដែរថា BRICS គឺជាប្លុកអន្តរជាតិមួយដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៦ ជាសម្ព័ន្ធនៃទីផ្សារដែលកំពុងរីកចម្រើនធំៗ ហើយឥឡូវនេះមានប្រទេសចំនួន ១១ ជាសមាជិកផ្លូវការ ដោយរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងឥណ្ឌូណេស៊ី៕