Michael Jackson ត្រូវបានគេស្គាល់ថាជាស្តេចចម្រៀងប៉ុបដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ដោយបានបន្សល់ទុកនូវស្មាដៃតន្រ្តីជាច្រើនរបស់ខ្លួនរាប់មិនអស់ និងបានធ្វើឲ្យអ្នកគាំទ្រចងចាំគ្មានថ្ងៃភ្លេច បើទោះបីជាលោកបានលាចាកលោកទៅអស់រយ:ពេលជាច្រើនឆ្នាំទៅហើយក្តី។
តាមរយ:ភាពល្បីល្បាញនេះ លោក Michael Jackson ត្រូវបានគេចាត់ទុកថាជាសិល្បករដែលអាចរកចំណូលបានច្រើនបំផុត តាមរយ:ការចេញអាល់ប៊ុមបទចម្រៀង និងការប្រគុំតន្រ្តីផ្ទាល់ខ្លួននៅជុំវិញពិភពលោកជាដើម។
យ៉ាងណាមិញ បើតាមការចុះផ្សាយពី PennBookCenter បានបង្ហាញឲ្យដឹងពីទំហំទ្រព្យសម្បត្តិរបស់ លោក Michael Jackson ដោយផ្នែកលើប្រាក់ចំណូល សួយសារអាករ និងអចលនទ្រព្យដែលលោកធ្លាប់ទិញទុកកាលនៅមានជីវិត។
ក្នុងឆ្នាំ១៩៩១ ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់ Michael Jackson មានចំនួនសរុបប្រមាណ ២៣០លានដុល្លារ (ឬស្មើនឹង ៥១៥លានដុល្លារក្នុងឆ្នាំ២០២៣) ដែលធ្វើឲ្យរូបលោកក្លាយជាតន្ត្រីករដែលមានទ្រព្យសម្បត្តិច្រើនជាងគេ និងជាសិល្បករដែលមានទ្រព្យសម្បត្តិច្រើនជាងគេទីពីរ បន្ទាប់ពីតារាកំប្លែង Bill Cosby ផងដែរ។ ប៉ុន្តែបើគិតត្រឹមឆ្នាំ២០២៤ ទ្រព្យសម្បត្តិរបស់លោក Michael Jackson ត្រូវបានគេប៉ាន់ប្រមាណថាបានកើនឡើងដល់ជាង ២ពាន់លានដុល្លារ តាមរយ:តម្លៃអចលនទ្រព្យដែលលោកបន្សល់ទុកមុនពេលលាចាកលោកទៅ៕