ក្រុមហ៊ុន PacificLight Power ដែលគាំទ្រដោយមហាសេដ្ឋីឥណ្ឌូណេស៊ី លោក Anthony Salim កាលពីពេលថ្មីៗនេះ បានដេញថ្លៃឈ្នះគម្រោងសាងសង់រោងចក្រថាមពលវារីអគ្គីសនីដ៏ធំបំផុតមួយ ដែលមានតម្លៃប្រមាណ ១ពាន់លានដុល្លារសិង្ហបុរី ឬស្មើនឹង ៧៣៣លានដុល្លារអាមេរិក នៅក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
តាមរយ:សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន បានបង្ហាញឲ្យដឹងទៀតថា រោងចក្រថ្មីនេះ នឹងមានសមត្ថភាពផលិតអគ្គិសនីសរុបបានចំនួន ៦០០ មេហ្គាវ៉ាត់ ខណ:រោងចក្រនេះអាចផលិតអគ្គិសនីបានដោយការដុត ៣០% នៃអ៊ីដ្រូសែន និងហ្គាស់ ៧០% ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០២៩ ខាងមុខ។
គួរឲ្យដឹងថា គម្រោងរបស់ក្រុមហ៊ុន PacificLight Power នេះ នឹងក្លាយជារោងចក្រថាមពលធំជាងគេ ក្នុងចំណោមរោងចក្រថាមពលអ៊ីដ្រូសែនចំនួនប្រាំបួនផ្សេងទៀត ដែលសិង្ហបុរីគ្រោងនឹងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០៣០។
សិង្ហបុរីបច្ចុប្បន្ន ពឹងផ្អែកលើហ្គាស់ដើម្បីបង្កើតជាថាមពលអគ្គិសនីភាគច្រើនរបស់ខ្លួន ប៉ុន្តែនៅក្នុងរយ:ពេលចុងក្រោយនេះ ពួកគេបានងាកទៅរកការប្រើប្រាស់ប្រភពថាមពលបៃតងជំនួសវិញ ដើម្បីសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូនរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន The Straits Times ។
ជម្រាបជូនផងដែរថា PacificLight គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Manila Electric ដែលជាក្រុមហ៊ុនលក់រាយថាមពលធំបំផុតរបស់ហ្វីលីពីន និងគ្រប់គ្រងដោយក្រុមហ៊ុនមេ Metro Pacific Investments របស់មហាសេដ្ឋីហ្វីលីពីនលោក Manuel Pangilinan៕