ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានធ្វើការគំរាមសារជាថ្មីម្តងទៀត ក្នុងការដាក់ពន្ធថ្មីទៅលើទំនិញរាប់រយពាន់លានដុល្លារពីប្រទេសម៉ិកស៊ិក និងកាណាដា ដើម្បីជាការដាក់សម្ពាធបន្ថែមឲ្យប្រទេសទាំងពីរនេះ បញ្ឈប់លំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់ និងរួមទាំងការដឹកជញ្ជូនសារធាតុញៀន Fentanyl ឆ្លងព្រំដែនផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។
ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯគេហដ្ឋាន Mar-a-Lago លោក ត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធបន្ថែមយ៉ាងធ្ងន់ធ្ងរលើប្រទេសម៉ិកស៊ិក និងកាណាដា ដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខតាមព្រំដែន ពោលគឺនៅតិចជាងពីរសប្តាហ៍ទៀតប៉ុណ្ណោះ មុនពេលលោកត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ។
លើសពីនេះ លោក ត្រាំ ក៏បានធ្វើការត្អូញត្អែរលើទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ជាមួយសហភាពអឺរ៉ុបផងដែរ ដោយសារតែឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ចំនួន ៣៥០ពាន់លានដុល្លារ។ ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានចោទប្រកាន់អឺរ៉ុបថា បានផ្តល់ការលំបាកដល់ការនាំចេញរថយន្តរបស់សហរដ្ឋអាមេរិក និងផលិតផលផ្សេងៗទៀត ទៅកាន់ទីផ្សារនេះ។
មិនតែប៉ុណ្ណោះ នៅក្នុងអំឡុងសន្និសីទសារព័ត៌មាននោះ លោក ត្រាំ ក៏បានលើកឡើងពីចេតនា ក្នុងការព្យាយាមទាមទារយកកោះ Greenland ដែលជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក មកគ្រប់គ្រងផងដែរ ដោយអះអាងថាវាជាផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
ជម្រាបជូនផងដែរថា ប្រធានាធិបតីជាប់ឆ្នោតរូបនេះ ក៏បានគំរាមយកពន្ធដាណឺម៉ាកនៅក្នុងកម្រិតខ្ពស់បំផុតមួយផងដែរ ប្រសិនបើពួកគេមិនព្រមសហការក្នុងការផ្ទេរទឹកដីកោះ Greenland មកឲ្យយអាមេរិកទេនោះ។ លោកត្រាំ ក៏បានចោទសួរអំពីភាពជាម្ចាស់របស់ដាណឺម៉ាកថាមានសិទ្ធិស្របច្បាប់ចំពោះកោះនេះដែរឬទេ ប៉ុន្តែប្រសិនបើមានការគ្រប់គ្រងមែននោះ ពួកគេគួរតែបោះបង់វាចោល ដើម្បីជាប្រយោជណ៍ដល់សន្តិសុខជាតិ៕