លោក ត្រាំ ថាមហាសេដ្ឋីអារ៉ាប់រួមម្នាក់ នឹងបោះទុនវិនិយោគ ២០ពាន់លានដុល្លារ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យអាមេរិក

អន្តរជាតិ

ក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍លំដាប់កំពូល DAMAC ដែលមានមូលដ្ឋាននៅទីក្រុងឌុយបៃ កាលពីពេលថ្មីៗនេះ បានសន្យាថានឹងបោះទុនវិនិយោគទឹកប្រាក់ចំនួន ២០ពាន់លានដុល្លារ ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មីមួយ ក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ជុំវិញគម្រោងដ៏ធំនេះ ត្រូវបានធ្វើងឡើង បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន DAMAC គឺមហាសេដ្ឋី Hussain Sajwani បានជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ នៅឯ​គេហដ្ឋាន​ Mar-a-Lago ក្នុងរដ្ឋ Florida ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនខ្នាតយក្សរបស់អារ៉ាប់រួមនេះ មានទំនាក់ទំនងយ៉ាង​ជិតស្និទ្ធ​ជាមួយលោក ត្រាំ​ ជាយូរមកហើយ តាមរយៈភាពជាម្ចាស់នៃទីលានវាយកូនហ្គោលក្រោមម៉ាកយីហោ Trump តែមួយគត់របស់តំបន់មជ្ឈិមបូព៌ា នៅទីក្រុងឌុយបៃ។

យ៉ាងណាមិញ ដោយថ្លែងនៅឯគេហដ្ឋាន Mar-a-Lago លោក Sajwani បានប្រាប់អ្នកយកព័ត៌មានថា ៖”យើងគ្រោងនឹងបោះទុនវិនិយោគ ២០ពាន់លានដុល្លារ សម្រាប់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅក្នុងទឹកដីអាមេរិក ហើយ​នឹងបន្តបោះទុនលើសពីនេះទៀត ប្រសិនបើយើងទទួលបានការឱកាសកាន់តែច្រើន នៅក្នុងទីផ្សារដ៏ធំនេះ”។

ទន្ទឹមនឹងនេះ យោងតាមលោក ត្រាំ បានបង្ហាញឲ្យដឹងផងដែរថា គម្រោងវិនិយោគមជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មីនេះ គឺស្ថិតនៅក្នុងដំណាក់កាលទីមួយ ដែលគ្រោងធ្វើឡើងនៅរដ្ឋតិចសាស់ អារីហ្សូណា អូក្លាហូម៉ា ល្វីស៊ីយ៉ាណា អូហៃអូ អ៊ីលីណយ មីឈីហ្គែន និងរដ្ឋ Indiana ។

ជម្រាបជូនផងដែរថា តម្រូវការមជ្ឈមណ្ឌលទិន្នន័យរបស់សហរដ្ឋអាមេរិក បានកើនឡើងយ៉ាងឆាប់រហ័ស ពោលគឺចាប់តាំងពីការបើកដំណើរការជាសាធារណៈនូវបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ChatGPT របស់ក្រុមហ៊ុន OpenAI កាលពីចុងឆ្នាំ២០២២ មក៕