រដ្ឋាភិបាលទីក្រុងហុងកុង កាលពីពេលថ្មីៗនេះ គ្រោងនឹងបន្ធូរបន្ថយបទប្បញ្ញត្តិនៃការវិនិយោគរបស់ខ្លួន ដើម្បីទាក់ទាញមហាសេដ្ឋីនៅជុំវិញពិភពលោក និងពង្រឹងមុខមាត់របស់ខ្លួនបន្ថែមទៀត ក្នុងនាមជាមជ្ឈមណ្ឌលទ្រព្យសម្បត្តិសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
តាមរយ:ច្បាប់បន្ធូរបន្ថយការវិនិយោគនេះ ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចូលជាធរមាននៅថ្ងៃទី១ ខែមីនាខាងមុខ ដោយផ្តល់នូវសិទ្ធិសម្រាប់បុគ្គលដែលចូលមកធ្វើការបណ្តាក់ទុនតាមរយៈក្រុមហ៊ុនឯកជន នឹងត្រូវយកមកពិចារណាភ្លាមៗ សម្រាប់គម្រោងវិនិយោគទុនថ្មីរបស់ពួកគេ ។នេះបើយោងតាមការបញ្ជាក់ពីរដ្ឋាភិបាលក្នុងតំបន់។
មិនតែប៉ុណ្ណោះ ការបន្ធូរបន្ថយនេះ ក៏នឹងអនុញ្ញាតឲ្យអ្នកដែលមានទុនវិនិយោគចាប់ពី ៣០លានដុល្លារហុងកុង (៣,៩លានដុល្លារអាមេរិក) ទទួលបានកន្លែងស្នាក់នៅ ក្នុងទីក្រុងផងដែរ។ ស្របពេលមន្ត្រីទីក្រុង បាននិយាយថាការផ្លាស់ប្តូរច្បាប់ថ្មីនេះ មានគោលបំណងទាក់ទាញការវិនិយោគឲ្យបានចំនួន ២៤ពាន់លានហុងកុង ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។
ទន្ទឹមនឹងនេះ លោក Christopher Hui លេខាធិការផ្នែកសេវាកម្មហិរញ្ញវត្ថុ និងរតនាគាររបស់ហុងកុង បាននិយាយថា គម្រោងវិនិយោគថ្មីនេះ នឹងទាក់ទាញបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន រួមទាំងឥស្សរជនអាជីវកម្ម និងសហគ្រិនច្នៃប្រឌិត ជាដើម។
“យើងជឿជាក់ថាវិធានការទាំងនេះនឹងលើកទឹកចិត្តដល់អ្នកវិនិយោគបន្ថែមទៀតឲ្យចូលរួមក្នុងគម្រោងនេះ ហើយអាចបង្កើតភាពស៊ីសង្វាក់គ្នាជាមួយនឹងរបបសម្បទានពន្ធ សម្រាប់ការបើកការិយាល័យគ្រួសារ ដោយរំពឹងទុកថានឹងជួយជំរុញដល់ការអភិវឌ្ឍន៍អាជីវកម្មការិយាល័យគ្រួសារកាន់តែច្រើនបន្ថែមទៀត នៅហុងកុង”។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក Christopher Hui ។
យោងតាមការស្ទង់មតិរបស់ស្ថាប័ន Deloitte ដែលធ្វើឡើងដោយរដ្ឋាភិបាល បានបង្ហាញឲ្យដឹងថា ហុងកុង មានការិយាល័យគ្រួសារច្រើនជាង ២ ៧០០ ដែលមានមូលដ្ឋាននៅចំតំបន់ស្នូលនៃទីក្រុង គិតនៅត្រឹមឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg ៕