Los Angeles ត្រូវបានចាត់ទុកថាជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក ខណ:ទីក្រុងដ៏ធំនេះ ក៏ជាកន្លែងបណ្តុំទៅដោយអចលនទ្រព្យថ្លៃៗបំផុតមួយចំនួនក្នុងប្រទេសផងដែរ។
ក្នុងសេចក្តីរាយការណ៍របស់ BBC បានបង្ហាញឲ្យដឹងថា គ្រោះមហន្តរាយភ្លើងឆេះព្រៃ ដែលបានផ្តើមឡើងដំបូងក្នុងតំបន់ Pacific Palisades កាលពីថ្ងៃអង្គារទី៧ ខែមករា ឆ្នាំ២០២៥ ឥឡូវនេះ កំពុងបន្តរាលដាលក្នុងល្បឿនយ៉ាងលឿន ឈានដល់ទីក្រុង Los Angeles រហូតមានការប្រកាសអាសន្ន ស្របពេលផ្ទះសម្បែងមួយចំនួនត្រូវបានបំផ្លាញ និងមានការជម្លៀសប្រជាជនទៅកាន់កន្លែងសុវត្ថិភាពផងដែរ។
យ៉ាងណាមិញ ជុំវិញគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏ធំសម្បើមនេះ កំពុងបន្តគំរាមកំហែងនៅក្នុងតំបន់ Pacific Palisades ខ្លាំងជាងគេ ខណ:អចលនទ្រព្យតម្លៃថ្លៃៗជាច្រើន ត្រូវបានបំផ្លាញក្លាយជាផេះ។
បើយោងតាមទិន្នន័យពីស្ថាប័នវាយតម្លៃ Redfin បានបង្ហាញឲ្យដឹងថា តម្លៃលក់ជាមធ្យមសម្រាប់ផ្ទះមួយខ្នង ក្នុងតំបន់ Pacific Palisades ត្រូវបានគេរាយការណ៍ថាមានតម្លៃប្រមាណ ៣,៣លានដុល្លារ ឯណោះ គិតនៅក្នុងខែធ្នូ។ សង្កាត់នេះ បណ្តុំទៅដោយផ្ទះដែលជាកម្មសិទ្ធិរបស់តារាល្បីៗជាច្រើនរូប រួមមាន Tom Hanks និង Rita Wilson, Ben Affleck, Jennifer Aniston និង Bradley Cooper ជាដើម។
ទន្ទឹមនឹងនេះ កាលពីថ្ងៃអង្គារ លោក Spencer Pratt ដែលជាតារាទូរទស្សន៍ដ៏ល្បីល្បាញរស់នៅតំបន់ Pacific Palisades នេះ បាននិយាយថាផ្ទះរបស់លោកត្រូវបានអគ្គិភ័យលេបត្របាក់ និងបណ្តាលឲ្យទ្រព្យសម្បត្តិផ្សេងទៀតខូចខាតទាំងស្រុង។
ក្រៅពីនោះ ក៏នៅមានតំបន់ផ្សេងៗទៀតដែលកំពុងរងគ្រោះសារភ្លើងឆេះព្រៃនេះផងដែរ ដូចជា Altadena ដែលតម្លៃផ្ទះនៅក្នុងតំបន់នេះជាមធ្យមមានចំនួនប្រមាណ ១,៣លានដុល្លារ គិតក្នុងខែធ្នូ ស្របពេលនៅតំបន់ Sylmar ដែលជាកន្លែងភ្លើងឆេះព្រៃ Hurst fire ផ្ទះជាធម្យមមានតម្លៃប្រមាណ ៧៦០ ០០០ដុល្លារ ។ នេះបើយោងតាមទន្នន័យពី Rocket Homes។
បើតាមអាជ្ញាធរនៅក្នុងតំបន់ បានបង្ហាញថា Altadena ដែលជាកន្លែងភ្លើងឆេះព្រៃបានរីករាលដាលទ្វេដង ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងចុងក្រោយ ធ្វើឲ្យផ្ទះអ្នកស្រុកចំនួនជាង ៤ម៉ឺនខ្នងត្រូវរងការខូចខាតទាំងស្រុង ខណ:នៅតំបន់ Sylmar មានចំនួនផ្ទះប្រជាជនប្រហែល ៨ម៉ឺនខ្នង។
ជម្រាបជូនថា លោក David Barrett មេបញ្ជាការអគ្គីភ័យ និងជានាយកប្រតិបត្តិ My Safe LA ដែលជាអង្គការមិនរកប្រាក់ចំណេញផ្តោតលើការអប់រំសុវត្ថិភាពអគ្គីភ័យ បាននិយាយថាវាលឿនខ្លាំងពេក ក្នុងការធ្វើការវាយតម្លៃអំពីចំនួនអចលនទ្រព្យដែលត្រូវបានបំផ្លាញ នៅក្នុងតំបន់ធំៗទាំងនោះ៕